បណ្តាញសង្គម

លោក គីម ជុងអ៊ុន សារភាពថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់កូរ៉េខាងជើង ទទួលបរាជ័យ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផែនការសេដ្ឋកិច្ច៥ឆ្នាំ របស់លោកបានទទួលបរាជ័យ ដោយមិនអាចសម្រេចបានតាមការគ្រោងទុក ស្ទើតែគ្រប់វិស័យ ខណៈលោកប្រកាសបើកសមាជបក្សពលករកូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះ។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ បានឱ្យដឹងទៀតថា សមាជបក្សពលករដ៏កម្រ ដែលបានចាប់ផ្ដើមកាលពីថ្ងៃពុធ មានប្រតិភូចូលរួម ៤,៧៥០នាក់ និងអ្នកចូលរួមផ្សេងទៀត ២,០០០នាក់។

KCNA បន្ថែមថា ថ្លែងនាឱកាសនោះ លោក គីម ជុងអ៊ុន បានប្រកាសថាផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ច៥ឆ្នាំ ដែលបានដាក់ចេញ កាលពីឆ្នាំ២០១៦កន្លងទៅ បានទទួលបរាជ័យ។ តែទោះជាបែបនេះក្ដី លោក គីម នៅតែជំរុញ និងអំពាវនាវឱ្យកូរ៉េខាងជើង បន្តពឹងផ្អែកលើខ្លួនឯង ក្នុងការដោះស្រាយបញ្ហាទាំងនៅក្នុងស្រុក និងក្រៅស្រុក ដើម្បីឆ្ពោះទៅ រកភាពរីកចម្រើន។

មិនតែប៉ុណ្ណោះ លោកក៏បានកោតសរសើរផងដែរ ចំពោះគណបក្សពលករកូរ៉េខាងជើង ដែលបានគ្រប់គ្រងប្រកបដោយជោគជ័យ និងស្ថេរភាពប្រឆាំង នឹងការឆ្លងរាតត្បាត COVID-19។ គួរបញ្ជាក់ថា កូរ៉េខាងជើង មកទល់នឹងពេលនេះ មិនទាន់បានទទួលស្គាល់ពីករណីឆ្លង COVID-19 ណាមួយឡើយ សូម្បីតែមួយករណី បើទោះជាក្រុមអ្នកជំនាញជាច្រើន សង្ស័យថាទីក្រុងព្យុងយ៉ាង បិទបាំងករណីឆ្លងក៏ដោយ។

តែរឿងមួយ ដែលគេមិនអាចប្រកែកបាន នោះគឺបរាជ័យផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ របស់លោក គីម ជុងអ៊ុន ក៏មានជាប់ពាក់ព័ន្ធនឹងការឆ្លងរាតត្បាត COVID-19 នៅជុំវិញពិភពលោកនេះដែរ៕