បណ្តាញសង្គម

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ប្រកាសពីការចាក់សោរប្រទេសជាថ្មី

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសកាលពីថ្ងៃច័ន្ទថាប្រទេសអង់គ្លេស នឹងចូលក្នុងការចាក់សោរជាតិ ចាប់ពីពាក់កណ្តាលអធ្រាត្រដែលជាការចាក់សោរប្រទេសលើកទីបី ចាប់តាំងពីជំងឺរាតត្បាតប្រភេទនេះ បានចាប់ផ្តើមនៅក្នុងប្រទេសនេះ។

នៅក្នុងសុន្ទរកថាមួយ ចាក់ផ្សាយតាមទូរទស្សន៍ លោក Johnson បានជំរុញឱ្យប្រជាជននៅទូទាំងប្រទេស “ស្នាក់នៅក្នុងផ្ទះ” លើកលែងតែហេតុផលដែលត្រូវបានអនុញ្ញាត ដោយបានរំលឹកសារនេះឡើងវិញ កាលពីខែមីនា ឆ្នាំ ២០២០ ។

ទន្ទឹមនឹងនេះ សាលារៀន និងមហាវិទ្យាល័យទាំងអស់ នឹងត្រូវបិទ ចាប់ពីថ្ងៃអង្គារ (លើកលែងតែកុមារងាយរងគ្រោះ និងអ្នកធ្វើការសំខាន់ៗ) ហើយប្តូរទៅរៀនពីចម្ងាយ រហូតដល់ពាក់កណ្តាលខែកុម្ភៈ។

ការវិវឌ្ឍន៍ចុងក្រោយ បានកើតឡើងនៅពេលដែលមនុស្សចំនួន ៥៨.៧៨៤ នាក់នៅក្នុងប្រទេសអង់គ្លេស បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺ COVID-19 ដែលជាការកើនឡើងនូវអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើមនៅក្នុងប្រទេសនេះ។

វាក៏ជាថ្ងៃទី ៧ ជាប់ៗគ្នាដែរ ដែលករណីថ្មីបានឈានដល់ចំនួន ៥០,០០០នាក់ នៅក្នុងប្រទេសអង់គ្លេស។ ប្រទេសនេះ មានចំនួនឆ្លងសរុប ២.៧១៣.៥៦៣ ករណី និងមានអ្នកស្លាប់ ៧៥.៤៣១ នាក់។

ប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ បានចាប់ផ្តើមចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ Oxford/AstraZeneca នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។