បណ្តាញសង្គម

មេទ័ពអ៉ីរ៉ង់ ព្រមានសងសឹកសហរដ្ឋអាមេរិក បើលោក ត្រាំ ហ៊ានប្រើកម្លាំងយោធា

 (តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់ ជាថ្មីម្ដងទៀតបានព្រមានសហរដ្ឋអាមេរិក ថាទីក្រុងតេហេរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារខ្លួន និងឆ្លើយតបទៅនឹងការវាយប្រហារ ឬការ ឈ្លានពានទាំងឡាយរបស់សត្រូវ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។

នាយឧត្ដមសេនីយ៍ឯក លោក មហាំម៉ាត់ បាកេរី (Mohammad Baqeri) ជានាយសេនាធិការចម្រុះកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ ធ្វើការព្រមានខាងលើ នៅថ្ងៃអង្គារសប្ដាហ៍នេះ ចំពេលមានសេចក្ដីរាយការណ៍កាន់តែច្រើនឡើងថាលោក ដូណាល់ ត្រាំ អាចនឹងប្រើប្រាស់កម្លាំងយោធាលើអ៉ីរ៉ង់ នៅថ្ងៃចុងក្រោយនៃអាណត្តិជាប្រធានាធិបតីអាមេរិក។

លោក បាកេរី បានគូសបញ្ជាក់ដូច្នេះថា៖ «អ៉ីរ៉ង់ មិនមានបំណងធ្វើសកម្មភាពឈ្លានពានណាមួយ ប្រឆាំងបណ្ដាប្រទេសដទៃ ឬក៏ប្រទេសជាមិត្តជិតខាងរបស់ខ្លួនឡើយ។ក៏ប៉ុន្តែ អ៉ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានទាំងឡាយពីសំណាក់សត្រូវ»។

គួរបញ្ជាក់ថា កងទ័ពអ៉ីរ៉ង់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានចាប់ផ្ដើមការធ្វើសមយុទ្ធយន្ដហោះដ្រូនទ្រង់ទ្រាយធំមួយ មិនធ្លាប់មានពីមុនមក ចំពេលដែលទំនាក់ទំនងរវាងអាមេរិក និងអ៉ីរ៉ង់ បានស្គាល់ភាពតានតឹងខ្លាំងជាថ្មី បន្ទាប់ពីទីក្រុងតេហេរ៉ង់ ចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ២០ភាគរយ។

ចំណែកឯ សហរដ្ឋអាមេរិក ក៏បានបញ្ជូនយន្ដហោះ ទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិបូព៌ាផងដែរ ដែលនេះធ្វើឱ្យអ្នកជំនាញយោធាមួយចំនួនបារម្ភថាលោក ដូណាល់ ត្រាំ អាចនឹងបញ្ជាឱ្យ យោធាអាមេរិក វាយប្រហារលើអ៉ីរ៉ង់ដោយផ្ទាល់ មុននឹងលោកចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករានេះ។

លោក ត្រាំ ធ្លាប់បានបង្ហើបពីគំនិត បើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ម្ដងរួចមកហើយ កាលពីចុងឆ្នាំ២០២០ តែត្រូវបានទីប្រឹក្សារបស់លោកបញ្ចុះបញ្ចូលឱ្យបោះបង់គំនិតនេះចោល ដោយព្រមានថា ការវាយប្រហារលើអ៉ីរ៉ង់ អាចនឹងបង្កទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕

ដកស្រង់ពី៖ Fresh News