បណ្តាញសង្គម

កងទ័ពអ៉ីរ៉ង់ ធ្វើសមយុទ្ធយន្ដហោះដ្រូនយ៉ាងសម្បើម ខណៈកំពុងតានតឹងជាមួយសហរដ្ឋអាមេរិក​

(តេហេរ៉ង់)៖ ការធ្វើសមយុទ្ធយន្ដហោះដ្រូនទ្រង់ទ្រាយធំមួយ របស់កងទ័ពអ៉ីរ៉ង់ បានចាប់ផ្ដើមហើយនៅក្នុងខេត្ត Semnan ភាគកណ្ដាលប្រទេសអ៉ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍ នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខួបមួយឆ្នាំ នៃការសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ដោយយន្ដហោះដ្រូនអាមេរិក ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។ លោក Seyyed Mahmoud Mousavi ជាអនុប្រធានផ្នែកប្រតិបត្តិការកងទ័ពអ៉ីរ៉ង់ បានឱ្យដឹងថា យន្ដហោះដ្រូនរាប់រយគ្រឿង មកពីអង្គភាពយោធាអ៉ីរ៉ង់ និងប្រព័ន្ធយន្ដហោះ ដ្រូនផ្សេងគ្នាជាច្រើន បានចូលរួមនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំនេះ ដើម្បីពង្រឹងសមត្ថភាពស៊ើបការណ៍ និងការប្រយុទ្ធនៅក្នុងសមរភូមិពិតៗ។

លោក បន្ថែមថាយន្ដហោះ ដ្រូនទាំងនេះ ក្នុងនោះរួមមាន យន្ដហោះដ្រូនប្រយុទ្ធបំពាក់មីស៊ីល និងគ្រាប់បែក ដែលមានសមត្ថភាពវាយប្រហារ និងកម្ទេចគោលដៅនៅលើដីគោក។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយន្ដហោះដ្រូនទ្រង់ទ្រាយធំមួយ របស់កងទ័ពអ៉ីរ៉ង់ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខួបមួយឆ្នាំនៃការសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ដោយយន្ដហោះដ្រូនអាមេរិក ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ និងចំពេលទំនាក់ទំនងរវាងអាមេរិក និងអ៉ីរ៉ង់ បានស្គាល់ភាពតានតឹងខ្លាំងជាថ្មី ក្រោយទីក្រុងតេហេរ៉ង់ ចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ២០ភាគរយ។

សហរដ្ឋអាមេរិក បានចាត់ទុកថាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ២០ភាគរយ របស់អ៉ីរ៉ង់ គឺជាការគំរាមកំហែងនុយក្លេអ៊ែរ ខណៈមានសេចក្ដីរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំងជាច្រើនគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា។

លោក ត្រាំ ធ្លាប់បានបង្ហើបពីគំនិត បើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីចុងឆ្នាំ២០២០ ហើយមកទល់នឹងពេលនេះ ក្រុមមន្ត្រីអ៉ីរ៉ង់ និងអ្នកជំនាញផ្នែកយោធា នៅតែមានមានការព្រួយបារម្ភ ដដែល ដោយខ្លាចលោក ត្រាំ បញ្ជាឱ្យយោធាអាមេរិក វាយប្រហារលើអ៉ីរ៉ង់ដោយផ្ទាល់ មុននឹងលោកចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករានេះ ជាថ្ងៃដែល លោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News