បណ្តាញសង្គម

ពួកឃឺដ សម្លាប់ក្រុមឧទ្ទាម IS ៣៣នាក់ នៅភាគខាងជើងស៊ីរី

ដាម៉ាស៖ ទូរទស្សន៍ ផេនអារ៉ាប់ អាល់ម៉ាយ៉ាឌីន បានផ្សាយថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) សរុបចំនួន ៣៣នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ អំឡុងពេលប៉ះទង្គិច ជាមួយពួកឃឺដ ស្ថិតនៅទីក្រុង កូបានី ភាគខាងជើង ប្រទេសស៊ីរី ដែលជាទីក្រុង នៅជាប់ នឹងព្រំដែន ជាមួយប្រទេស តួកគី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤ថា អង្គភាពការពារ ប្រជាជនរបស់ពួកឃឺដ (YPG) បានសម្លាប់ក្រុម អ្នកប្រយុទ្ធក្រុម IS នៅទីក្រុង កូបានី ដែលមានប្រជាជន ឃឺដ រស់នៅច្រើន ហើយទីក្រុងនេះ ក៏ជាចំណុច នៃការប្រយុទ្ធគ្នាប្រឆំាង នឹងក្រុមភេរវករផងដែរ ។ ជាមួយគ្នានោះដែរ ក្រុមអ្នកអង្កេតការណ៍ សិទ្ធិមនុស្សស៊ីរី ក៏បានឲ្យដឹងផងដែរថា គ្រាប់ផ្លោងចំនួន ៣២គ្រាប់ ត្រូវបានក្រុមឧទ្ទាម រដ្ឋឥស្លាម បាញ់សំដៅទៅទីក្រុង កូបានី អំឡុងពេលប៉ះទង្គិច គ្នារវាងក្រុម IS និងក្រុម YPG នៅផ្នែកជាច្រើនក្នុងទីក្រុង ប៉ុន្តែមិនទាន់មានព័ត៌មាន លម្អិតអំពីអ្នកស្លាប់ ឬរបួសនៅឡើយទេ។

ដោយឡែក ក្រុមចម្រុះ ដែលដឹកនាំដោយ សហរដ្ឋអាម៉េរិកវិញ ក៏បានអនុវត្តប្រតិបត្តិការ វាយប្រហារ តាមដែនអាកាសចំនួន ២លើកផងដែរ ប្រឆំាងនឹងក្រុម IS ហើយក៏មិនទាន់ បានដឹងច្បាស់ អំពីទំហំ នៃការបាត់បង់នៅឡើយដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល