បណ្តាញសង្គម

ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ជំរុញឲ្យក្រុមហ៊ុន Starbucks ជួយលើកស្ទួយទំនាក់ទំនង ចិន-អាមេរិក

 (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង បានជំរុញឲ្យលោក ហូវ៉ាដ ស្កាល់ស៍ (Howard Schultz) អតីតប្រធានក្រុមហ៊ុនកាហ្វេដ៏ល្បីលំដាប់ថ្នាក់ពិភពលោកគឺ Starbucks ក៏ដូចជាក្រុមហ៊ុននេះផ្ទាល់ ដើរតួនាទីវិជ្ជមានក្នុងការលើកស្ទួយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងចំណងទ្វេភាគីរវាងចិន និងអាមេរិក។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។ លោក ស៉ី ជិនពីង បានធ្វើការជំរុញដូចខាងលើ នៅក្នុងលិខិតមួយច្បាប់ឆ្លើយតបទៅកាន់លោក Schultz កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

ក្នុងនោះលោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ការចាប់ផ្តើមបោះជំហានរបស់ចិន ក្នុងកិច្ចប្រឹងប្រែងថ្មីនៃការកសាងប្រទេសសង្គមនិយម ដ៏ទំនើបពេញលេញមួយ នឹងផ្តល់ឱកាសកាន់តែទូលំទូលាយ សម្រាប់សហគ្រាសនៅជុំវិញពិភពលោករួមមានទាំង Starbucks និងក្រុមហ៊ុនអាមេរិក ដើម្បីអភិវឌ្ឍនៅក្នុងប្រទេសចិន។

លោក ស៉ី ជិនពីង បានសម្តែងក្តីសង្ឃឹមថា ក្រុមហ៊ុន Starbucks នឹងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មចិន-អាមេរិក ព្រមទាំងទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ។

ក្នុងលិខិតរបស់លោកផ្ញើទៅកាន់លោក ស៉ី លោក Schultz បានបង្ហាញការអបអរ ចំពោះភាពរីកចម្រើនរបស់ប្រទេសចិនលើគ្រប់វិស័យ នៅក្រោមការដឹកនាំរបស់លោក ស៉ី។ លោក Schultz បានកាន់តួនាទីប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិរបស់ Starbucks កាលពីចន្លោះឆ្នាំ១៩៨៦-២០០០ និងពីឆ្នាំ២០០៨-២០១៧។

បច្ចុប្បន្នលោកមានតួនាទី ជាប្រធានកិត្តិយសរបស់ក្រុមហ៊ុន Starbucks។ គួរបញ្ជាក់ថា យោងតាមវែបសាយរបស់ Starbucks ផ្ទាល់ ក្រុមហ៊ុនកាហ្វេនេះ បានបើកដំណើរការដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំ១៩៩៩ ហើយមកទល់ឥឡូវមានហាងជាង ៤,៧០០កន្លែង នៅក្នុងទីក្រុងជិត ១៩០របស់ចិន៕

ដកស្រង់ពី៖ Fresh News