បណ្តាញសង្គម

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងរយៈពេលជាង៥ខែ ​​​​(Video inside)

(សៀងហៃ)៖ ប្រទេសចិនមើលឃើញនូវការលោតឡើងខ្ពស់បំផុត នៃចំនួនករណីឆ្លងវីរុសកូរ៉ូណា (COVID-19) មិនធ្លាប់មានក្នុងរយៈពេលជាង ៥ខែកន្លងទៅនេះ បើទោះបីជាទីក្រុងចំនួន ០៣ ត្រូវបានបិទទ្វារ (lockdown) និងកំពុងបង្កើនការធ្វើតេស្ត ព្រមទាំងចាត់វិធានការផ្សេងៗទៀត ដើម្បីទប់ស្កាត់រលកនៃការឆ្លងថ្មី នៅក្នុងប្រទេសនេះក៏ដោយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។ ទិន្នន័យផ្លូវការ បានបង្ហាញឲ្យដឹងនៅថ្ងៃពុធនេះថា ករណីឆ្លង COVID-19 ថ្មីៗភាគច្រើនត្រូវបានគេរាយការណ៍ នៅតំបន់ជិតៗរដ្ឋធានីប៉េកាំង ប៉ុន្តែខេត្តមួយដែលស្ថិតនៅភាគឦសានប្រទេសចិន ក៏មានការកើនឡើងនូវករណីឆ្លងថ្មីៗ គួរឲ្យកត់សម្គាល់ផងដែរ។

គណៈកម្មការសុខភាពជាតិចិន បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា ករណីឆ្លង COVID-19 ថ្មីៗសរុបចំនួន ១១៥ករណីត្រូវបានរកឃើញនៅប្រទេសចិន បើប្រៀបធៀបទៅនឹង ៥៥ករណីកាលពីមួយថ្ងៃមុន។ នេះគឺជាការកើនឡើងនូវករណីឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។

គណៈកម្មការខាងលើបានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១១៥ករណីនោះ ១០៧ករណីជាប្រភេទករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀត ៩០ករណីត្រូវបានរាយការណ៍ចេញពីខេត្ត ហឺប៉ី (Hebei) ជាខេត្តដែលស្ថិតនៅព័ទ្ធជុំវិញទីក្រុងប៉េកាំង ខណៈ ១៦ករណីផ្សេងទៀតត្រូវបានរាយការណ៍ចេញពី ខេត្តហៃឡុងជាំង (Heilongjiang) ស្ថិតនៅភាគឦសាន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៨៧,៧០៦ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៨២,២៨៨នាក់៕

ដកស្រង់ពី៖ Fresh News