បណ្តាញសង្គម

ប្រធានាធិបតីអេក្វាឌ័រ៖ «ការជួញដូរគ្រឿងញៀនបានកើនឡើង គួរឲ្យកត់សម្គាល់កាលពីឆ្នាំ២០២០»

 (គីតូ)៖ ប្រធានាធិបតីអេក្វាឌ័រលោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) នៅថ្ងៃអង្គារនេះ (ពេលវេលានៅអាមេរិកឡាទីន) បាននិយាយថា ការជួញដូរគ្រឿងញៀនជាលក្ខណៈអន្តរជាតិ បាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសនេះ ដោយបង្ហាញពីការរឹបអូសគ្រឿងញៀនចំនួន ១២៨.២តោន និងការរុះរើអង្គការជួញដូរគ្រឿងញៀនចំនួន ១៩៧ កាលពីឆ្នាំ២០២០ កន្លងទៅនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២១។ លោក Moreno បានគូសបញ្ជាក់នៅក្នុងកម្មវិធីវិទ្យុប្រចាំសប្ដាហ៍ថា «ការវាយលុកនៃសកម្មភាពជួញដូរគ្រឿងញៀន ភាគច្រើនមកពីក្រុមអ្នកជួញដូរយ៉ាងធំ នៅក្នុងប្រទេសម៉ិចស៊ីកូ (Mexico) និងកូឡុំប៊ី (Colombia) ដែលយើងកំពុងព្យាយាម ប្រយុទ្ធប្រឆាំងកន្លងមក»។

លោក Moreno បានគូសបញ្ជាក់បន្ថែមថា «ការព្រួយបារម្ភជាចម្បងរបស់យើង... នោះគឺក្រុមអ្នកជួញដូរគ្រឿងញៀនទាំងនោះ នឹងត្រូវមកបំផ្លាញអនាគតកុមារ និងយុវជនរបស់យើង»។

គួរបញ្ជាក់តាមរដ្ឋាភិបាលអេក្វាឌ័រថា បរិមាណគ្រឿងញៀនដែលរឹបអូសបាន ភាគច្រើនជាគ្រឿងញៀនប្រភេទកូកាអ៊ីន (cocaine) ដែលបានកើនឡើង ៥៦ភាគរយបើប្រៀបទៅកាលពីឆ្នាំ២០១៩។

ក្នុងចំណោមគ្រឿងញៀនដែលរឹបអូសបាន មានគ្រឿងញៀនចំនួន ១៨.៣តោនត្រូវបានកំណត់ទិសដៅសម្រាប់លក់ក្នុងស្រុក ខណៈគ្រឿនញៀនដែលនៅសេសសល់ មានគោលដៅនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

ដកស្រង់ពី៖ Fresh News