បណ្តាញសង្គម

កូរ៉េខាងជើងជំរុញប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីឆ្លងកូវីដ-១៩ លើលោកកើនដល់ ១០០លាននាក់! ​​​​(Video inside)

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Rodong Sinmun បានក្រើនរំលឹកពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រយ័ត្នចំពោះការឆ្លងរាតត្បាត COVID-19 ខណៈចំនួនករណីឆ្លងជំងឺនេះបានកើនរហូតដល់ ១០០លាននាក់ហើយ។

នេះបើតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។ កាសែត Rodong Sinmun បានចុះផ្សាយយ៉ាងដូច្នេះថា «ការរាតត្បាតវីរុសកូរ៉ូណា បានឈានដល់ចំនួន ១០០លាននាក់ហើយ ដោយក្នុងនោះមនុស្ស ២.១៤លាននាក់បានស្លាប់។ យើងត្រូវតែប្រុងប្រយ័ត្ន និងបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់មេរោគកូរ៉ូណានេះ ឲ្យបានឆាប់រហ័សជាងពេលណាៗទាំងអស់»។

Rodong Sinmun ក៏បានជំរុញឲ្យពលរដ្ឋធ្វើការទប់ស្កាត់ COVID-19 ឲ្យបានខ្លាំងក្លាដូចជាធ្វើសង្គ្រាមផងដែរ។ ប្រទេសកូរ៉េខាងជើងនៅតែអះអាងជានិច្ចថា ខ្លួនគ្មានករណីឆ្លង ឬស្លាប់ដោយសារតែ COVID-19 នោះឡើយ។

ទោះជាបែបនេះក្តី ប្រទេសមានព្រំដែនជាប់ចិន រុស្ស៊ី និងកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេមើលឃើញថា កំពុងអនុវត្តវិធានការការពារយ៉ាងតឹងរ៉ឹងបំផុតដូចជា ពាក់ម៉ាស, សម្អាតអនាម័យ និងរក្សាគម្លាតសុវត្ថិភាព បូករួមជាមួយការត្រួតពិនិត្យច្រកព្រំដែនផងដែរ។

កាលពីខែធ្នូ ឆ្នាំ២០២០ កូរ៉េខាងជើងបានប្រកាសផ្អាក សកម្មភាពសាធារណៈមួយចំនួន និងរឹតត្បិតការចេញ-ចូលរដ្ឋធានីព្យុងយ៉ាង៕

ដកស្រង់ពី៖ Fresh News