បណ្តាញសង្គម

ហ្វីលីពីន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca

 (ម៉ានីល)៖ រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ហើយ នូវវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។ ប្រធាន FDA ហ្វីលីពីន លោក Rolando Enrique Domingo បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា រហូតមកទល់ពេលនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca មិនមានហានិភ័យអ្វីនោះទេ។

លោក Domingo បានបន្ថែមទៀតថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានភាពងាយស្រួល ក្នុងការដឹកជញ្ជូន និងរក្សាទុក ដែលវាមិនត្រូវការសីតុណ្ហភាពត្រជាក់ខ្លាំងពេកនោះទេ។ វាក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ ក្នុងការបង្ការជំងឺឆ្លង COVID-19 នេះ។

 

ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន AstraZeneca ចំនួន ១៧លានដូស រួមទាំងកិច្ចព្រមព្រៀងឯកជនចំនួន ២.៦លានដូស កាលពីខែវិច្ឆិកា កន្លងទៅនេះផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ហ្វីលីពីន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស៥១៨,៤០៧ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៤៨១នាក់ និងអ្នកជាសះស្បើយ ៤៧៥,៥៤២នាក់។ ហ្វីលីពីន ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី៕

ដកស្រង់ពី៖ Fresh News