Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ នឹងប្រឹងប្រែងជួយគណបក្សសាធារណរដ្ឋ ឲ្យគ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងប្រឹងប្រែងជួយឱ្យគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ នៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ នៅឆ្នាំ២០២២។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។ លោក ដូណាល់ ត្រាំ បានធ្វើការសន្យាបែបនេះ កំឡុងការជួបពិភាក្សាការងារ ជាមួយប្រធានសភាសំឡេងភាគតិច នៃសភាតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាខាធី (Kevin McCarthy)។

កិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ត្រូវបានធ្វើឡើងតែ ០៣សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក McCarthy បង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះលោក ដូណាល់ ត្រាំ ដោយលោកផ្ទាល់និយាយថា អតីតប្រធានាធិបតីរូបនេះ គួរតែជាអ្នកទទួលខុសត្រូវលើភាពចលាចលនៅឯវិមានសភា កាលពីថ្ងៃទី៦ ខែមករា ដែលបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់។

លោក ត្រាំ និងលោក McCarthy បានជួបគ្នានៅឯរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ (Mar-a-Lago) ក្នុងទីក្រុង ផាមប៊ិច (Palm Beach) នៃរដ្ឋ ផ្ល័ររីដា (Florida) ជាទីដែលលោក ត្រាំ កំពុងស្នាក់នៅ ចាប់តាំងពីលោកចាកចេញពីសេតវិមាន កាលពីថ្ងៃ២០ ខែមករា។

បើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយមូលនិធិ Save America PAC របស់លោក ត្រាំ ទោះជាធ្លាប់មានការខ្វែងគំនិតគ្នាក៏ដោយ តែលោក McCarthy និងលោក ត្រាំ បានយល់ព្រមធ្វើការងារជាមួយគ្នា ដើម្បីជួយឱ្យគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ ជាពិសេសនៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ នៅឆ្នាំ២០២២។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងត្រូវប្រឈមមុខនឹងសវនាការមួយនៅក្នុងព្រឹទ្ធសភា នាខែកុម្ភៈខាងមុខនេះ បន្ទាប់ពីសភាតំណាងរាស្ត្រ គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតចោទប្រកាន់លោកជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមករា ពីបទញុះញង់ឱ្យក្រុមអ្នកគំាទ្ររូបលោក វាយប្រហារលើវិមានសភា។

ប៉ុន្តែអ្នកវិភាគនយោបាយមួយចំនួននៅតែយល់ថា លោក ត្រាំ នឹងរួចខ្លួនការពីការកាត់ទោស នៅក្នុងសវនាការនៃព្រឹទ្ធសភាជាថ្មីម្ដងទៀត ដោយសារតែសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ភាគច្រើននៅតែបន្តគាំទ្ររូបលោកដដែល៕

ដកស្រង់ពី៖ Fresh News