បណ្តាញសង្គម

សព ៩នាក់ប៉ុណ្ណោះ ទើបរកឃើញ ក្រោយការធ្លាក់ យន្តហោះ AirAsia

(ស៊ីអិអិន) ៖ ក្រុមអ្នករុករក កំពុងតែព្យាយាម បន្ថែមទៀត ក្នុងការស្វែងរក យន្តហោះដែលបាត់ខ្លួន រួមជាមួយនឹងអ្នក ដំណើរជាង ១៥០នាក់ផ្សេងទៀត ដែលត្រូវបាន គេជឿជាក់ថា កំពុងជាប់ខ្លួន ក្នុងតួយន្តហោះ របស់ក្រុមហ៊ុន AirAsia ដែលបានធ្លាក់ ទៅក្នុងផ្ទៃសមុទ្រ កោះឈ្វា របស់ប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ។

សារព័ត៌មានស៊ីអិនអិន ចេញផ្សាយ នៅថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ ២០១៥ នេះទៀតថា ការរុករកជើងហោះហើរ QZ8501 នៅសមុទ្រឈ្វានោះ មានសភាពកាន់តែលំបាក ដោយសារតែអាកាសធាតុ មិនអំណោយផល មានរលក និង ខ្យល់ត្រជាក់ បោកបក់ខ្លាំងថែមទៀត ។

រហូតមកដល់ថ្ងៃសុក្រនេះ សពអ្នកដំណើរ និង អ្នកបម្រើការងារ លើយន្តហោះ សរុបតែ ៩នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ ដោយក្នុងនោះម្នាក់ ត្រូវបានគេកំណត់ អត្តសញ្ញាណ ដឹងហើយថា ជាស្ត្រីបម្រើការងារ លើយន្តហោះផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា អ្វីដែលក្រុមអ្នករុករក របស់ឥណ្ឌូណេស៊ី និង បណ្តាប្រទេស ក្នុងតំបន់បានដឹងច្បាស់នោះ គឺយន្តហោះ ខាងលើ បានបាត់ទំនាក់ទំនង ជាមួយនឹងប្រព័ន្ធរ៉ាដា កាលពីថ្ងៃ អាទិត្យ ពេលធ្វើដំណើរបានចម្ងាយ ១០០ ទៅ ២០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រកោះឈ្វា ដោយគេសង្ស័យថា វាអាចនឹងទទួលរង ការវាយប្រហារ ដោយព្យុះជាមិនខាន ។

នៅថ្ងៃសុក្រនេះ ប្រតិបត្តិការ រុករកកំពុងតែបន្ត ដើម្បីស្វែងរកមនុស្ស ១៥៣ នាក់ទៀត និង តួយន្តហោះ ទាំងមូល ព្រម ទាំងប្រអប់ខ្មៅ ដែលប្រាប់ពីទិន្នន័យ ទាំងស្រុងនៃការហោះហើរ ៕

ដកស្រង់ពី៖ដើមអម្ពិល