សហរដ្ឋអាមេរិក៖ មនុស្ស៨.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨៩នាក់ស្លាប់ ក្នុងពេលតែមួយថ្ងៃ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៧,០៣១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៤៨៩នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៧,៧០០,៦២៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៧៦,៤០៥នាក់ និងជាសះស្បើយឡើងសរុប ១៧,៥១២,៥៨៤នាក់។
គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។
នេះជាថ្ងៃទី២ហើយសម្រាប់សហរដ្ឋអាមេរិក ដែលបានមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃអាចធ្លាក់ចុះមកនៅក្រោម ១សែននាក់ ក្រោយការអនុវត្តវិធានការពាក់ម៉ាសទូទាំងប្រទេស ដែលជាផែនការធំមួយនៅក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃអាណត្តិដឹកនាំរបស់លោក ចូ បៃដិន៕
ដកស្រង់ពី៖ Fresh News