បណ្តាញសង្គម

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

(ដាម៉ាស់)៖ អាវុធដ៏ច្រើនដែលត្រូវបានប្រើប្រាស់ ដោយក្រុមភេរវករ ISIS ទើបតែត្រូវបានរកឃើញនៅខេត្ត ហូមស៍ (Homs) ភាគខាងត្បូងប្រទេសស៉ីរី ដោយកងកម្លាំងរដ្ឋាភិបាលស៉ីរី ក្រោមការជួយគាំទ្រពីសំណាក់ យន្តហោះដ្រូនរបស់យោធារុស្ស៉ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធរុស្ស៉ីនៅស៊ីរី បានឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការឈ្លបការណ៍ និងរុករុករបស់កងទ័ពស៉ីរី ជាមួយនិងការគាំទ្រពីសំណាក់យន្តហោះដ្រូន របស់កងទ័ពអាកាសរុស្ស៉ី នៅឯតំបន់វាលខ្សាច់មួយកន្លែង នៅភាគខាងកើតខេត្ត Homs អាវុធយ៉ាងច្រើនត្រូវបានរកឃើញ ដោយពួកវាត្រូវបានប្រើប្រាស់ដោយក្រុម ISIS ដើម្បីធ្វើសកម្មភាពភេរវកម្មនៅក្នុងខេត្ត Homs ផ្ទាល់ និងនៅខេត្ត ឌែរ អ៊ែស ហ្សរ (Deir ez-Zor)។ អំឡុងប្រតិបត្តិការរបស់យោធាស៉ីរី ជនសកម្មប្រយុទ្ធ ISIS ចំនួន ០៤នាក់ដែលទំនងជាអ្នកនៅយាម ការពារអាវុធទាំងនោះ ក៏ត្រូវបានសម្លាប់ផងដែរ។

គួរបញ្ជាក់ថា អាវុធរបស់ ISIS ដែលត្រូវបានរកឃើញខាងលើនេះរួមមាន កាំភ្លើងបាញ់រះ, កាំភ្លើងយន្តធុនស្រាល និងធ្ងន់រាប់សិបដើម, ម៉ាស៉ីនបាញ់ផ្លោងគ្រាប់បែក, ប្រព័ន្ធបាញ់មីស៉ីលប្រឆាំងរថក្រោះ, គ្រាប់មីនបង្កៃ និងគ្រាប់បែករាប់សិបគ្រាប់ ព្រមទាំងគ្រឿងផ្ទុះប្រហែល ៤០គីឡូក្រាម និងគ្រាប់កាំភ្លើងជាង ២ម៉ឺនគ្រាប់។ ក្រៅពីនេះក៏មានថ្នាំពេទ្យ និងស្បៀងអាហារផងដែរ៕

ដកស្រង់ពី៖ Fresh News