បណ្តាញសង្គម

វ៉ាក់សាំងកូវីដ-១៩ នឹងទៅដល់ហ្វីលីពីនជាលើកដំបូង នៅចុងសប្តាហ៍នេះ ខណៈយុទ្ធនាការចាក់នឹងផ្តើមនៅសប្តាហ៍ក្រោយ

(ម៉ានីល)៖ ហ្វីលីពីននឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូង នៅចុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន នាសប្តាហ៍ក្រោយ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា វ៉ាក់សាំង COVID-19 ចំនួន ៦០០,០០០ដូស របស់ក្រុមហ៊ុនចិន Sinovac Biotech ដែលជាជំនួយបរិច្ចាគរបស់រដ្ឋាភិបាលចិន នឹងមកដល់ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យសប្តាហ៍នេះ។

សម្រាប់កម្មវិធីចាក់វ៉ាក់សាំងវិញ គឺនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ក្រៅពីវ៉ាក់សាំងដែលជំនួយបរិច្ចាគខាងលើ រដ្ឋាភិបាលហ្វីលីពីនក៏បានបញ្ជាទិញវ៉ាក់សាំងចំនួន២៥លានដូស ពីក្រុមហ៊ុន Sinovac ដែរ។ បន្ថែមពីនេះ វ៉ាក់សាំងចំនួន ១០,០០០ដូសទៀតរបស់ក្រុមហ៊ុនចិន Sinopharm ក៏នឹងមកដល់ឆាប់ៗដូចគ្នា ប៉ុន្តែនឹងប្រើសម្រាប់តែក្រុមកងអង្គរក្សរបស់លោក ឌូតឺតេ ប៉ុណ្ណោះ។

រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca នឹងមកដល់ហ្វីលីពីននៅខែមីនាខាងមុខ។ គួរបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេស ដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនបំផុតមួយប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍ ដោយសារការរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែនឹងក្លាយជាប្រទេសចុងក្រោយគេបង្អស់នៅអាស៉ីអាគ្នេយ៍ ដែលទទួលបានវ៉ាក់សាំងការពារជំងឺនេះជាលើកដំបូង៕

ដកស្រង់ពី៖ Fresh News