បណ្តាញសង្គម

តំណាងពាណិជ្ជកម្មអាមេរិកដែលលោក ចូ បៃដិន ទើបតែងតាំង សន្យាធ្វើការជាមួយសម្ព័ន្ធមិត្ត «ដើម្បីទប់ទល់ចិន» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ តំណាងពាណិជ្ជកម្មអាមេរិក ដែលលោកប្រធានាធិបតី ចូ បៃដិន ទើបតែងតាំងកាលពីពេលថ្មីៗនេះបានសន្យាថា លោកស្រីនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីដោះស្រាយជាមួយចិន ជុំវិញការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ដែលអាមេរិកចោទថាមិនត្រឹមត្រូវ ហើយអាមេរិកនឹងមិនដើរតាមគន្លងចាស់ របស់អតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះទេ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ លោកស្រី ខេធើរីន តៃ (Katherine Tai) បានធ្វើការសន្យាដូចខាងលើ នៅក្នុងលិខិតមួយ មុននឹងលោកស្រីត្រូវបង្ហាញខ្លួនចំពោះមុខ គណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភា ដែលនឹងធ្វើការបោះឆ្នោតថា តើលោកស្រីអាចកាន់តំណែង ជាតំណាងពាណិជ្ជកម្មអាមេរិកដែរ ឬក៏យ៉ាងណា។

នៅក្នុងលិខិតដដែល លោកស្រី Tai បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការកសាងសម្ព័ន្ធមិត្ត និងដៃគូអន្តរជាតិរបស់យើងឡើងវិញ ក៏ដូចជាការចូលរួមជាមួយស្ថាប័នអន្តរជាតិនានា គឺជាកិច្ចការអាទិភាពដើម្បីលើកម្ពស់តម្លៃសេរីភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងជាសារមួយប្រាប់ចិនពីការរួបរួមគ្នា នៃសម្ព័ន្ធមិត្តរបស់អាមេរិក»។

គួរបញ្ជាក់ថា បើតាមលោកស្រី Katherine Tai រដ្ឋបាលលោក ចូ បៃដិន នឹងមិនដើរតាមគន្លងចាស់របស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំនោះទេ។

ទោះជាបែបនេះក្តី ទាំងលោក បៃដិន និងមន្ត្រីកំពូលៗនៃរដ្ឋបាលរបស់លោក នៅតែមិនទាន់បញ្ជាក់ជាផ្លូវការថា តើពួកគេនឹងរក្សាទុកគោលនយោបាយដំឡើងពន្ធរបស់លោក ត្រាំ ឬក៏យ៉ាងណានោះទេ ខណៈអ្នកជំនាញភាគច្រើនយល់ថា រដ្ឋបាលលោក បៃដិន នឹងមិនប្រញាប់ប្រញាល់បន្ធូរបន្ថយការដំឡើងពន្ធ លើទីក្រុងប៉េកាំងឡើយ៕

ដកស្រង់ពី៖ Fresh News