Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូវីដ-១៩៖ អង់គ្លេសចាប់ផ្ដើមបន្ធូរបន្ថយវិធានការ Lockdown ដំណាក់កាលទី២ ក្រោយទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង

  • បោះពុម្ព

 (ឡុងដ៍)៖ ប្រទេសអង់គ្លេស នៅថ្ងៃចន្ទនេះបានឈានចូលដល់ដំណាក់កាលទី២ នៃការបន្ធូរបន្ថយវិធានការការបិទទ្វារ (lockdown) របស់ខ្លួនហើយ ដោយសារតែភាពជោគជ័យនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។

ប៉ុន្តែ រដ្ឋាភិបាលប្រទេសនេះនៅតែបន្តជំរុញឱ្យមានការប្រុងប្រយ័ត្នបន្ថែម ខណៈដែលរលក នៃវីរុសកូរ៉ូណា (COVID-19) នេះកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីសាលារៀន បានបើកដំណើរការឡើងវិញកាលពីថ្ងៃទី០៨ ខែមីនាកន្លងទៅនេះ វិធានការឱ្យស្នាក់នៅផ្ទះនៅប្រទេសអង់គ្លេស នឹងត្រូវបានបន្ធូរបន្ធយ ដែលអាចអនុញ្ញាតឱ្យមានការជួបជុំនៅខាងក្រៅត្រឹមមនុស្សប្រហែល ០៦នាក់ ឬពីរគ្រួសារ ដែលសារព័ត៌មានអង់គ្លេសកំពុងហៅថា «រីករាយថ្ងៃចន្ទ (Happy Monday)»។

ច្បាប់ថ្មីនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមអ្នកលេងកីឡាចាប់ផ្តើមដំណើរការឡើងវិញផងដែរ រួមជាមួយកីឡាវាយកូនបាល់ កីឡាវាយកូនហ្គោល កីឡាបាល់បោះ និងកីឡាហែលទឹកនៅខាងក្រៅ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានលើកឡើងថា លោកសង្ឃឹមថាថ្ងៃចន្ទនេះនឹងជាថ្ងៃដែលចាប់ផ្តើមនូវរដូវក្តៅដ៏អស្ចារ្យ នៃកីឡាអង់គ្លេស ជាមួយមនុស្សគ្រប់វ័យដែលបានជួបជុំជាមួយមិត្តរួមក្រុម ហើយអាចចាប់ផ្តើមសកម្មភាពដែលពួកគេស្រឡាញ់ឡើងវិញ។

លោក Johnson បានបន្ថែមថា «ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ដោយសារតែករណីឆ្លងវីរុស COVID-19 ជាច្រើនករណីបានកើតឡើងនៅទូទាំង ទ្វីបអឺរ៉ុប ជាពិសេសនោះ គឺវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលកំពុងគំរាមកំហែងដល់ការចាក់វ៉ាក់សាំងរបស់យើង»។

គួរបញ្ជាក់ថា ដំណាក់កាលទី៣ នឹងការបើកដំណើរការឡើងវិញ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសាខាងមុខនេះតទៅ ដែលរដ្ឋាភិបាលអង់គ្លេស គ្រោងនឹងអនុញ្ញាតឱ្យមានការជួបជុំ ផឹកស៊ីនៅខាងក្រៅ និងហាងដែលមិនចាំបាច់ ដូចជាហាងកាត់សក់នៅអង់គ្លេសបើកដំណើរការឡើងវិញ៕

ដកស្រង់ពី៖ Fresh News