បណ្តាញសង្គម

ជប៉ុននឹងទទួលបានវ៉ាក់សាំង Pfizer បន្ថែមដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងជូនមនុស្សចាស់

 (តូក្យូ)៖ ជប៉ុននឹងទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ក្នុងចំនួនដ៏ច្រើនបន្ថែមទៀត ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនមានវ័យចំណាស់ឱ្យបានលឿនរហ័ស។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។ បើតាមរដ្ឋាភិបាលទីក្រុងតូក្យូ ជប៉ុននឹងមានវ៉ាក់សាំងគ្រប់គ្រាន់ចែកចាយកំឡុងរយៈពេល២សប្ដាហ៍ រាប់ចាប់ពីថ្ងៃទី១០ ខែឧសភាខាងមុខនេះដើម្បីចាក់វ៉ាក់សាំងដូសដំបូង ជូនពាក់កណ្ដាលនៃប្រជាជនមានវ័យចំណាស់ជាង ៣៦លាននាក់។

ប៉ុន្តែ ភ្លាមៗខាងរដ្ឋាភិបាលជប៉ុនមិនទាន់បានបញ្ជាក់ពីចំនួន ឬកាលបរិច្ឆេទដែលទទួលបានវ៉ាក់សាំង បន្ថែមពីក្រុមហ៊ុន Pfizer ឡើយ។ គួរបញ្ជាក់ថា ជប៉ុនបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង កាលពីខែកុម្ភៈកន្លងទៅ ហើយមានតែវ៉ាក់សាំង Pfizer តែមួយគត់ដែលជប៉ុនកំពុងមានក្នុងដៃ។

បុគ្គលិកសុខាភិបាលជាស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវចាក់វ៉ាក់សាំងជាអាទិភាព ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រជាជនជប៉ុនច្រើនជាង ៨៩០,០០០នាក់ បានចាក់វ៉ាក់សាំងដូសដំបូងនៃ២ដូស៕

ដកស្រង់ពី៖ Fresh News