Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រ៊ុយណេអះអាងថា បណ្តាមេដឹកនាំអាស៊ាននឹងរៀបចំកិច្ចប្រជុំ ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅក្នុងទីក្រុងហ្សាការតា

  • បោះពុម្ព

 (គូឡាឡាំពួ)៖ នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ាន បានលើកឡើងថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងប្រ៊ុយណេផងដែរ នឹងរៀបចំកិច្ចប្រជុំរួមគ្នាមួយ ស្តីអំពីការវិឌ្ឍស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលប្រ៊ុយណេ ខ្លួនបានស្នើឲ្យរៀបចំកិច្ចប្រជុំ នៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី។

មួយរយៈចុងក្រោយនេះ ប្រទេសឥណ្ឌូណេស៊ីហាក់ដើរតួនាទីសកម្មខ្លាំង ក្នុងការជំរុញឲ្យប្រទេសជាសមាជិក ជាពិសេសការស្នើទៅកាន់ប្រ៊ុយណេ ដែលជាប្រទេសកាន់វេនប្រធានអាស៊ាន រៀបចំកិច្ចប្រជុំបន្ទាន់ស្តីអំពីវិបត្តិនៅមីយ៉ាន់ម៉ា បើទោះបីជាគោលជំហរអាស៊ាន តាំងពីដើមរៀងមកបានចែងយ៉ាងច្បាស់ អំពីការមិនលូកលាន់កិច្ចការផ្ទៃក្នុង នៃបណ្តាប្រទេសជាសមាជិកក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានធ្វើឡើងរវាងប្រទេសម៉ាឡេស៊ី និងប្រ៊ុយណេបានលើកឡើងថា ប្រទេសទាំងពីរនេះបានស្នើឲ្យរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធរបស់ខ្លួន ចាប់ផ្តើមដំណើរការសម្រាប់ការរៀបចំ កិច្ចប្រជុំមួយដែលអាចទៅរួច នៅឯលេខាធិការដ្ឋានអាស៊ាន នៅក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ មិនបានបញ្ជាក់អំពីពេលវេលាជាក់លាក់ ដែលនឹងត្រូវរៀបចំកិច្ចប្រជុំខាងនៅឡើយទេ ហើយសម្រាប់ការឯកភាពពីបណ្តាថ្នាក់ដឹកនាំ នៃសមាជិកអាស៊ានជាច្រើនផ្សេងទៀតយ៉ាងណានោះ ក៏មិនទាន់មានការលើកឡើងនោះដែរ។

សេចក្តីថ្លែងការណ៍មួយនេះត្រូវបានធ្វើឡើង បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបាននិងកំពុងបង្កឲ្យមានអំពើហិង្សា និងការបង្ក្រាបជាបន្តបន្ទាប់ ខណៈមនុស្សជាង ៥៥០នាក់ហើយត្រូវបានគេរាយការណ៍ថាស្លាប់។

យ៉ាងណាក៏ដោយ ព្រះចៅ ស៊ូលតង់ ហាស្សាណាល់ នៃប្រទេសប្រ៊ុយណេ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៍យីដទីន យ៉ាសស៊ីន នៅក្រោយកិច្ចប្រជុំក្នុងថ្ងៃចន្ទនេះ បានរួមគ្នាជំរុញឲ្យមេដឹកនាំអាស៊ាន ដែលមានសមាជិកសរុប ១០ប្រទេស ជួបពិភាក្សាស្តីអំពីស្ថានការណ៍វិវឌ្ឍន៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ម៉ាឡេស៊ី និងប្រ៊ុយណេក៏ជំរុញផងដែរ ឲ្យគ្រប់ភាគីជម្លោះទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រក្សាការអត់ធ្មត់កម្រិតខ្ពស់ និងជៀសវាងការធ្វើឲ្យមានអំពើហិង្សា កាន់តែខ្លាំងឡើងថែមទៀត៕