បណ្តាញសង្គម

សហភាពអឺរ៉ុប រំពឹងនឹងចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើនបំផុត នៅត្រឹមចុងខែមិថុនា

ទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយកាលពីថ្ងៃអង្គារថា បណ្តារដ្ឋនៃសហភាពអឺរ៉ុបភាគច្រើន នឹងមានវ៉ាក់សាំងការពារ COVID-19 គ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេភាគច្រើន នៅត្រឹមចុងខែមិថុនានេះ។

ប្រទេសអាឡឺម៉ង់ បារាំង អ៊ីតាលី អេស្បាញ និងហូល្លង់ នឹងស្ថិតនៅក្នុងស្ថានភាពមួយ ដែលអាចចាក់វ៉ាក់សាំងប្រជាជនច្រើនជាង ៥៥% នៃប្រជាជនសរុបរបស់ខ្លួននៅត្រឹមចុងខែមិថុនាខាងមុខ នេះបើតាមការផ្សាយរបស់ Bloomberg ដោយដកស្រង់ការព្យាករណ៍នៅក្នុងអនុស្សរណៈរបស់នាយកប្រតិបត្តិសហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុប។

ចំនួននេះ បញ្ជាក់ពីការប៉ាន់ស្មានជាសាធារណៈនៃវ៉ាក់សាំង ដែលប្លុកទាំង ២៧ ប្រទេស រំពឹងនឹងទទួលបាននៅត្រីមាសទី ២ ។ គណៈកម្មការនេះ បាននិយាយម្តងហើយម្តងទៀតថា សហគមន៍អឺរ៉ុប ដែលមានចំនួនប្រជាជនជិត ៤៥០ លាននាក់ នឹងទទួលបាននូវថ្នាំប្រហែល ៣៦០ លានដូសនៅចុងខែមិថុនាបន្ថែមលើចំនួនប្រមាណ ១០០ លានដូស ដែលបានដឹកជញ្ជូនរួចហើយ។

ចំនួននេះ នឹងគ្រប់គ្រាន់ ដើម្បីបំពេញគោលដៅរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៧០% នៃចំនួនប្រជាជនពេញវ័យរបស់ប្លុកនេះ នៅរដូវក្តៅ។ ប្លុកអឺរ៉ុប រំពឹងនឹងទទួលបាននៅក្នុងចន្លោះខែមេសា ដល់ខែមិថុនា ចំនួន ៥៥ លានដូសនៃវ៉ាក់សាំងចាក់តែមួយដង ដែលបង្កើតដោយក្រុមហ៊ុន Johnson & Johnson និង ៣០០ លានដូសទៀតនៃថ្នាំវ៉ាក់សាំងចាក់ពីរដងពី Pfizer-BioNTech, AstraZeneca និង Moderna ។

ទោះយ៉ាងណាគេមិនទាន់ដឹងច្បាស់ ថាតើដូសវ៉ាក់សាំង ដែលរំពឹងទុកទាំងអស់នោះ នឹងត្រូវផ្តល់ជូនស្របតាមពេលវេលាកំណត់ដែរឬទេ។ សហគមន៍អឺរ៉ុប បានទទួលប្រហែលពាក់កណ្តាលនៃចំនួនដូស ដែលរំពឹងទុកក្នុងត្រីមាសទី ១ ពីព្រោះក្រុមហ៊ុន AstraZeneca បានធ្វើការកាត់បន្ថយការផ្គត់ផ្គង់របស់ខ្លួនយ៉ាងច្រើនដល់សហភាពអឺរ៉ុប។

EU បានសម្របសម្រួលការទិញវ៉ាក់សាំងជាមួយរដ្ឋាភិបាលអឺរ៉ុប ប៉ុន្តែគ្មានអំណាចលើផែនការចាក់វ៉ាក់សាំងដែលគ្រប់គ្រងដោយរដ្ឋសហភាពអឺរ៉ុបទេ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃអង្គារ។