បណ្តាញសង្គម

ស្តុកសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% របស់អ៊ីរ៉ង់ បានឡើងដល់ ៥០ គីឡូក្រាម

ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា អ៊ីរ៉ង់ បានផលិតសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% ដល់ទៅចំនួន ៥០ គីឡូក្រាម។

ដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ % ត្រូវបានចាប់ផ្តើម ជាផ្នែកមួយនៃផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ កាលពីខែធ្នូឆ្នាំ ២០២០ ។

យោងតាមសេចក្តីស្នើច្បាប់របស់សភា អង្គការ AEOI គួរតែផលិតឲ្យបានចំនួន ១២០ kg នូវសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការអនុវត្តផែនការ សកម្មភាព ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៤ ខែមករា។

អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ការជម្រុញធនធានអ៊ុយរ៉ាញ៉ូម រួមជាមួយនឹងវិធានការណ៍ផ្សេងទៀតដើម្បីបន្ថយការតាំងចិត្តមួយចំនួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពរួម JCPOA នោះ គឺជាប្រតិកម្មតបទៅនឹងការដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀង ហើយនិងការបរាជ័យរបស់ប្រទេសហត្ថលេខីអឺរ៉ុប ដើម្បីការពារផលប្រយោជន៍របស់អ៊ីរ៉ង់ ចំពេលមានការដាក់ទណ្ឌកម្មផ្នែកថាមពល និងធនាគាររបស់សហរដ្ឋអាមេរិក។

លោក Salehi ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ បានកត់សំគាល់ថា “ប្រសិនបើមានកិច្ចព្រមព្រៀង ហើយអាមេរិច វិលត្រឡប់មកកាន់ផែនការសកម្មភាពរួម JCPOA វិញ ហើយអ៊ីរ៉ង់ពិនិត្យផ្ទៀងផ្ទាត់កិច្ចព្រមព្រៀង នោះទីក្រុង Tehran អាចបញ្ឈប់ការចម្រាញ់ ២០ % នោះ និងការពង្រីកវិស័យផ្សេងទៀតភ្លាមៗ” នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។