Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀតកំពុងរៀបចំដឹកអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យ ទៅជួយសង្គ្រោះឥណ្ឌា

  • បោះពុម្ព

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាស (Heiko Maas) នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនជំនួយអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា នៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយវិបត្តិធំៗ បង្កឡើងដោយជំងឺ COVID-19។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។ ប្រទេសឥណ្ឌាកំពុងប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃជំងឺ COVID-19 ដោយចំនួនករណីឆ្លង និងស្លាប់ បាននិងកំពុងកើនឡើងយ៉ាងគំហុក។

លោក Maas បានគូសបញ្ជាក់ប្រាប់កាសែតក្នុងស្រុកអាល្លឺម៉ង់ថា «រលកទី២ នៃជំងឺ COVID-19 បច្ចុប្បន្ននេះ កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា ជាមួយនឹងអត្រាឆ្លងខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនមក។

វាជាការត្រឹមត្រូវណាស់ដែលយើងបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់ការធ្វើដំណើររវាងប្រទេសអាល្លឺម៉ង់ និងឥណ្ឌា»។ ប្រទេសអាល្លឺម៉ង់បានចាត់ថ្នាក់ឥណ្ឌា ជាប្រទេសដែលមានអត្រាឆ្លងខ្ពស់បំផុតនៃជំងឺ COVID-19។

ចាប់ពីថ្ងៃចន្ទនេះតទៅ ជនជាតិអាល្លឺម៉ង់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា នឹងត្រូវបានអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេស ជាមួយនឹងលទ្ធផលនៃការធ្វើតេស្តអវិជ្ជមាន ហើយបន្ទាប់មកពួកគេនឹងត្រូវ ដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ រីឯអ្នកទេសចរបរទេសមកពីប្រទេសឥណ្ឌា នឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលមកកាន់ប្រទេសអាល្លឺម៉ង់ទៀតទេ។

ទោះជាយ៉់ាងណា លោក Mass បានគូសបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយប្រទេសឥណ្ឌាយកឈ្នះលើវិបត្តិនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយថា ក្រសួងការបរទេសអាល្លឺម៉ង់បានស្នើដល់យោធា ដើម្បីរកមើលកន្លែងផលិតអុកស៊ីសែនចល័ត ក៏ដូចជាការជួយដឹកជញ្ជូនទំនិញជំនួយសង្គ្រោះបន្ទាន់ផ្សេងទៀត ទៅកាន់ប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប (EU) ក៏បានប្រកាសកាលពីថ្ងៃអាទិត្យផងដែរថា ខ្លួនមានគោលបំណងបញ្ជូនអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីទទួលបានសំណើពីទីក្រុងញូវដេលី។

បន្ថែមពីនេះ ប្រទេសសិង្ហបុរី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បាននិងកំពុងបញ្ជូនជំនួយ រួមមានឧបករណ៍វេជ្ជសាស្ត្រ និងអុកស៊ីសែន ទៅកាន់ប្រទេសឥណ្ឌាជាបន្តបន្ទាប់ផងដែរ៕