Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃអង្គារនេះជាថ្ងៃទី៦ហើយ ដែលឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩លើស ៣០០,០០០នាក់ក្នុង១ថ្ងៃ, អន្តរជាតិកំពុងបង្កើនការផ្តល់ជំនួយ

  • បោះពុម្ព

(ញូដេលី)៖ នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ៣២៣,១៤៤នាក់ទៀត។

ទោះបីជាចំនួននេះ ហាក់ទាបជាងថ្ងៃចន្ទម្សិលមិញបន្តិចមែន ប៉ុន្តែការរកឃើញអ្នកឆ្លងលើស ៣០០,០០០នាក់ក្នុងមួយថ្ងៃបែបនេះ បានកើតមានឡើង ០៦ថ្ងៃជាប់ៗគ្នាមកហើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ បន្ថែមពីលើចំនួនករណីឆ្លងថ្មីៗ នៅតែបន្តកើនឡើងយ៉ាងគំហុកនោះ ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត ក្នុងមួយថ្ងៃៗក៏កំពុងកើនឡើងផងដែរ ដោយគិតត្រឹម ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺចំនួន ២,៧៧១នាក់ទៀតបានស្លាប់។

ក្រោយការបូកសរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៧.៦២លានករណី ក្នុងនោះមានអ្នកស្លាប់សរុបជិត ១៩៨,០០០នាក់ និងជាសះស្បើយវិញ ១៤.៥៤លាននាក់។

ទោះជាបែបនេះក្តី អ្នកជំនាញជាច្រើននៅឥណ្ឌាបានអះអាងថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនជាងនេះ ព្រោះការធ្លាក់ចុះតួលេខ ដែលត្រូវបានប្រកាសចេញនៅថ្ងៃនេះ បើធៀបនឹងថ្ងៃចន្ទម្សិលមិញ គឺដោយសារតែយុទ្ធនាការធ្វើតេស្ត មានការធ្លាក់ចុះខ្លាំងប៉ុណ្ណោះ មិនមែនបណ្តាលមកពីការឆ្លងរាតត្បាត COVID-19 មានសភាពថមថយវិញនោះឡើយ។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់បំផុត នៅលើសកលលោកនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិកនឹងជួយឥណ្ឌាបន្ថែមទៀត។ ដោយឡែកអាល្លឺម៉ង់ កាណាដា និងអង់គ្លេសបានសម្រេចចិត្តជួយឥណ្ឌារួចទៅហើយ តាមរយៈការបញ្ជូនឧស្ម័នអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យចាំបាច់។

បន្ថែមពីខាងលើនេះ ប្រទេសបារាំងទើបបានប្រកាសថា ខ្លួននឹងដឹកឧបករណ៍ផលិតអុកស៊ីសែន និងធុងស្តុកអុកស៊ីសែនធំៗ ទៅកាន់ឥណ្ឌា ស្របពេលដែលក្រុមមន្ត្រីអង្គការសុខភាពពិភពលោក (WHO) រាប់ពាន់នាក់បាននិងកំពុងរៀបចំ ប្រតិបត្តិការជួយសង្គ្រោះឥណ្ឌា ទៅកាន់គោលដៅសំខាន់ៗ៕

ដកស្រង់ពី៖ Fresh News