បណ្តាញសង្គម

បាក់ផ្ទាំង ទឹកកក សង្កត់ស្លាប់ ១៨នាក់ នៅអាហ្វហ្គានីស្ថាន

ហ្វៃហ្សាបាដ៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់ បានស្លាប់ និង ១០នាក់ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពីផ្ទាំង ទឹកកក ដ៏ធំមួយ បានរលំចុះមក ពីលើកំពូលភ្នំ ស្ថិតនៅខេត្ត បាដាដស្ថាន ភាគខាងជើង ប្រទេស អាហ្វហ្គានីស្ថាន។

នេះបើតាម តួលេខអ្នកស្លាប់ ដែលចេញដោយ អាជ្ញាធរ គ្រប់គ្រង គ្រោះធម្មជាតិ នៅរយៈពេល ប៉ុន្មានថ្ងៃ ចុងក្រោយ គិតមកដល់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិន ហួ បានដកស្រង់សម្តីរបស់ លោក សាយេដ អាប់ឌុលឡាហ៍ ប្រធានគ្រប់គ្រង គ្រោះមហន្តរាយ ខេត្ត បាដាដស្ថាន ឲ្យដឹងថា “អាជ្ញាធរបាន រកឃើញសាកសព ១៨នាក់ និង អ្នករងរបួស ១០នាក់ បន្ទាប់ពី ផ្ទាំងទឹកកក បានបាក់សង្កត់មកលើផ្នែកមួយ នៃភូមិ តាំង សេវ៉ា ស្ថិតនៅក្នុង ស្រុក ម៉ាហ៍ម៉ាយ កាលពី ព្រឹកព្រហាម ថ្ងៃព្រហស្បតិ៍ តែម្តង"។

ដោយឡែក ក្រុមសង្គ្រោះក៏ត្រូវ បានបញ្ជូនទៅកាន់ កន្លែងកើតហេតុ ផងដែរ ដើម្បីជួយរំដោះ ប្រជាជនជាង ១០០នាក់ ដែលកំពុងជាប់ខ្លួន នៅក្នុងភូមិ ដែលត្រូវបាន ផ្ទាំងទឹកកក បិទបាំង ជិតពិបាក នឹងធ្វើដំណើរចេញ មកក្រៅនោះ។

ចំពោះ ចំនួនមនុស្សស្លាប់ ដែលបង្កឡើង ដោយសារព្រិលធ្លាក់ខ្លាំង នៅភាគខាងជើង ប្រទេស អាហ្វហ្គានីស្ថាន បានកើនឡើង ដល់ជាង ២០០ នាក់ហើយ ស្របពេលដែល មនុស្សជាប់ខ្លួន និង បាត់ខ្លួន មានរាប់រយនាក់ ផ្សេងទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល