បណ្តាញសង្គម

ស្គាល់ឈ្មោះ​​ ជន​ជី​ហា​ដ ​ឃាតករ​និយាយ​ភាសាអង់គ្លេស ​កាត់​ក្បាល​ចំណាប់ខ្មាំង

យោងតាម អត្ថបទនានា ចេញផ្សាយដោយ បណ្តាសារព័ត៌មាន អាមេរិកថា «JIHADI JOHN» សមាជិកក្រុមរដ្ឋ អ៊ិស្លាម និយាយភាសាអង់គ្លេស ហើយតែង ស្លៀកពាក់ពណ៌ខ្មៅ រួចជាអ្នកល្បីខាង ដើរតួនាទីសំខាន់ ក្នុងការឃោសនារបស់ ក្រុមជ្រុលនិយម ព្រមទាំងគេឃើញ ក្នុងវីដេអូនានា អំពីការកាត់ក្បាល ចំណាប់ខ្មាំងនោះ ត្រូវបានកំណត់ដឹង អត្តសញ្ញាណហើយ គឺគេជាជនជាតិ អង់គ្លេស ស្ថិតក្នុងវណ្ណៈ មធ្យមមួយ កើតនៅប្រទេស គុយវ៉ែត ។

កាសែតអាមេរិក វ៉ាស៊ីនតោនប៉ុស្តិ៍ លាតត្រដាង កាលពីថ្ងៃទី ២៦ កុម្ភៈ ថា ឈ្មោះពិតប្រាកដ របស់បុរសនេះ គឺ ម៉ូហាម៉េដ អេមវ៉ាហ្ស៊ី ជាអ្នកធ្វើ កម្មវិធីកុំព្យូទ័រ មានសញ្ញាបត្រ ហើយរូបគេ មានប្រភពពី ត្រកូលអ្នកមានគួរសមមួយ នាភាគខាងលិច ក្រុង ឡុងដ៍ ។ជននោះមកកាន់ ប្រទេស ស៊ីរី នាអំឡុងឆ្ នាំ២០១២ មកចូលរួមក្នុង ជួរក្រុមរដ្ឋអ៊ិស្លាម ។

បុរសនេះមាន រហស្សនាមថា «JIHADI JOHN» ក្រោយពី បង្ហាញខ្លួន ក្នុងវីដេអូមួយ កាលពីខែ សីហា ឆ្នាំ២០១៤ ពេលដែលគេ ពិឃាតអ្នកកាសែត អាមេរិក JAMES FOLEY ដោយកាត់ក្បាល ។បុរសរូបនេះ ក៏បង្ហាញខ្លួនផងដែរ ក្នុងវីដេអូ ដទៃៗទៀត បង្ហាញពីការកាត់ក្បាល ចំណាប់ខ្មាំងនានា ។ រូបគេជា ពេជ្ឈឃាតផ្ទាល់ កាត់ក្បាលចំណាប់ខ្មាំង មួយចំនួន ។

កាលពី ខែកញ្ញា ២០១៤ មួយខែក្រោយ ការសម្លាប់លោក FOLEY បណ្តាអ្នកទទួលខុសត្រូវ នៃការិយាល័យ ស៊ើបអង្កេត សហព័ន្ធ FBI ថ្លែងថា ពួកគេអាច កំណត់ដឹង អត្តសញ្ញាណ JIHADI JOHN ។ ក៏ប៉ុន្តែរហូត មកទល់ពេលនេះ FBI នៅពុំទាន់លាតត្រដាង អត្តសញ្ញាណ ពេជ្ឈឃាតនោះ នៅឡើយ ៕

ដកស្រង៉ពី៖ កោះសន្តិភាព