បណ្តាញសង្គម

ភេរវ​ករ​ម្នាក់​លាតត្រដាង​គម្រោង​សម្លាប់​លោក អូ​បា​ម៉ា និង​វាយប្រហារ​វិមាន​កា​ពី​តូ​ល

ទូរទស្សន៍អាមេរិកមួយ រាយការណ៍កាលពី ថ្ងៃទី៦ មីនា កន្លងមកនេះថា បុរសអាមេរិកម្នាក់ ដែលចាប់ខ្លួនពីបទ ភេរវកម្ម លាតត្រដាងថា រូបគេមានផែនការ បាញ់សម្លាប់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយដាក់គ្រាប់បែក ឱ្យផ្ទុះប្រឆាំង វិមានកាពីតូល ជាការសងសឹក ចំពោះការវាយ ប្រហារតាមអាកាសរ បស់អាមេរិកប្រឆាំង ពួករដ្ឋអ៊ិស្លាម ។

ទូរទស្សន៍ Fox 19 WXIX-TV នៅរដ្ឋអូហៃយ៉ូ កាលពីយប់ថ្ងៃទី៦ មីនា បានផ្សាយភាគខ្លះ នៃបទសម្ភាសន៍ តាមទូរស័ព្ទជាមួយ យុវជនឈ្មោះ Christopher Lee Cornell អាយុ២០ឆ្នាំ ដែលកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគារមួយ នៅរដ្ឋ កេនទុកគី ។ ជននេះសារភាពថា រូបគេគ្រោងនឹង តម្រង់កាំភ្លើងមួយដើម ឱ្យចំសៀតផ្ការបស់ លោក អូបាម៉ា រួចកេះកៃ បន្ទាប់មកនឹង វាយប្រហារលើ វិមានកាពីតូល ព្រោះតែសហរដ្ឋអាមេរិក ពិសេសលោក ប្រធានាធិបតី អូបាម៉ា ធ្វើសង្គ្រាមជាមួយ រដ្ឋអ៊ិស្លាម ។

Christopher Lee Cornell និយាយថា ខ្ញុំទទួលបញ្ជាពី បណ្តាបងប្អូនខ្ញុំ នៅឯបរទេស ព្រោះរូបខ្ញុំចូលរួម ក្នុងក្រុមរដ្ឋអ៊ិស្លាម ។ បណ្តាបងប្អូនខ្ញុំ នៅស៊ីរី និងនៅអ៊ីរ៉ាក់ បានដាក់បញ្ជាពិសេស ឱ្យខ្ញុំធ្វើជីហាដ នៅលោកខាងលិច ហើយខ្ញុំក៏ធ្វើតាម ។ ពាក្យថា បងប្អូននោះ ជននេះចង់និយាយ ដល់ពួកយុទ្ធជន ក្រុមរដ្ឋអ៊ិស្លាម ដែលកំពុងប្រយុទ្ធ នៅស៊ីរី និងនៅអីុរ៉ាក់ ។

នៅទីក្រុង Cincinatti រដ្ឋអូហៃយ៉ូ ជននេះត្រូវចាប់ខ្លួន នៅខាងក្រៅហាង លក់អាវុធមួយ កាលពីថ្ងៃទី១៤មករា បន្ទាប់ពីទិញ កាំភ្លើងនានា និងគ្រាប់៦០០គ្រាប់ ។ រូបគេប្រហែលជា ស្រាវជ្រាវតាម អីុនធើរណេតពីរបៀបធ្វើ គ្រាប់បែកច្នៃ ហើយធ្លាប់ពិភាក្សា ជាមួយមនុស្សបង្កប់ម្នាក់ របស់ FBI អំពីផែនការ វាយប្រហារ វិមានកាពីតូល ជាមួយគ្រាប់បែកច្នៃ ព្រមទាំងបាញ់សម្លាប់ បណ្តាមន្ត្រីរដ្ឋាភិបាល ៕

 

ដកស្រង់ពី ៖ កោះសន្តិភាព