បណ្តាញសង្គម

មន្ត្រីសន្តិសុខជាន់ខ្ពស់ហៃទីម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន

 មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតី Jovenel Moise ដែលត្រូវបានគេសម្លាប់ ត្រូវបានចាប់ខ្លួនដោយប៉ូលីស ពីបទសង្ស័យពាក់ព័ន្ធនឹងផែនការធ្វើឃាត នេះបើតាមមេធាវីរបស់លោក បានប្រាប់រ៉យទ័រ កាលពីថ្ងៃអង្គារ- ម្សិលមិញ។

អ្នកសម្របសម្រួលសន្តិសុខប្រធានាធិបតី លោក Jean Laguel Civil ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ជិត ៣ សប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី Moise ត្រូវបានសម្លាប់នៅថ្ងៃទី ៧ ខែកក្កដា នៅពាក់កណ្តាលអធ្រាត្រនៅឯគេហដ្ឋានឯកជនរបស់លោក នៅរដ្ឋធានី Port-au-Prince -ព៍ អូ ប្រាំង- ដោយក្រុមមនុស្សជាង ២០ នាក់ ដែលភាគច្រើនជាទាហានស៊ីឈ្នួលកូឡុំប៊ី។

សំណួរជាច្រើន នៅតែមិនទាន់មានចម្លើយចំពោះអ្នក ដែលនៅពីក្រោយការធ្វើឃាតនេះ និងថាតើអ្នកសម្លាប់ អាចចូលទៅកាន់ផ្ទះប្រធានាធិបតី បានយ៉ាងដូចម្តេច។ លោកមេធាវី បានប្រាប់កាសែតរ៉យទ័ ថា លោក Civil គ្មានកំហុសទេ។

លោក បានបន្តថា “ពិរុទ្ធជនពិតប្រាកដ គឺអ្នកដែលបានផ្តល់ការអនុញ្ញាតឱ្យជនជាតិកូឡុំប៊ីទាំងនេះ ចូលក្នុងប្រទេសហៃទី ហើយប៉ូលីស គួរតែចាប់ខ្លួនពួកគេ” នេះបើតាមការផ្សាយរបស់ Reuters នៅថ្ងៃពុធនេះ។