បណ្តាញសង្គម

ករណីផ្ទុះឆេះនៅសួនគីមី ប្រទេសអាល្លឺម៉ង់

 ហោចណាស់មានមនុស្ស ២ នាក់ បានស្លាប់និង ១៦ នាក់ បានរងរបួសកាលពីថ្ងៃអង្គារ បន្ទាប់ពីការផ្ទុះមួយនៅឯសួនគីមីមួយកន្លែង ក្នុងទីក្រុង Leverkusen ប្រទេសអាឡឺម៉ង់។

ប្រតិបត្តិករនៅតំបន់នោះ បាននិយាយថា អ្នកស្រុក ត្រូវបានគេជម្រុញឱ្យស្នាក់នៅក្នុងផ្ទះ ដោយសារតែផ្សែងខ្មៅ ហុយចេញពីតំបន់នោះ។

ការផ្ទុះឆេះនេះ បានកើតឡើងនៅប្រហែលម៉ោង ៧ និង ៤០ នាទីព្រឹក ម៉ោងក្នុងស្រុក ដោយនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ។ យ៉ាងហោចណាស់មានអ្នករងរបួសពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកម្មករ ៤ នាក់បានបាត់ខ្លួន។

ការផ្ទុះនេះ បានជំរុញឱ្យកម្មវិធី app ព្រមាន NINA របស់ប្រទេសអាឡឺម៉ង់ បញ្ជូនសញ្ញាប្រុងប្រយ័ត្ន "គ្រោះថ្នាក់បំផុត" ទៅកាន់ប្រជាជន ដោយប្រាប់ពួកគេ ឱ្យបិទទ្វារ និងបង្អួចរបស់ពួកគេ និងរក្សាលេខទូរសព្ទអាសន្នហៅចេញមិនគិតលុយ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

ប្រតិបត្តិករខាងលើ បាននិយាយថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅកន្លែងចាក់សំរាម និងកន្លែងដុតកាកសំណល់របស់សួន Chem នៅក្នុងស្រុក Buerrig របស់ក្រុង Leverkusen និងបានបង្កជាអគ្គិភ័យនៅធុងផ្ទុកសារធាតុរំលាយ ដែលត្រូវការពេលរាប់សិបម៉ោង ដើម្បីពន្លត់។

តំបន់នេះ មានប្រជាជនស្នាក់នៅជាង ១៦ ម៉ឺននាក់ និងនៅដាច់ដោយឡែកពីសួនឧស្សាហ-កម្មសំខាន់ៗ ដែលមានក្រុមហ៊ុនគីមីជាច្រើនរួមមានឧស្សាហកម្ម Bayer, Lanxess និង Evonik សំណង់គីមីរបស់សួន Chem គឺជាសំណង់មួយ ក្នុងចំណោមសំណង់ធំបំផុតនៅអឺរ៉ុប។

ក្រុមប៉ូលីស រថយន្តពន្លត់អគ្គីភ័យ និងក្រុមជួយសង្គ្រោះជាច្រើន ត្រូវបានគេដាក់ពង្រាយនៅកាន់កន្លែងកើតហេតុ ក៏ដូចជាអ្នកជំនាញស្រាវជ្រាវជាតិបំពុល ដោយមានការព្រួយបារម្ភថា ផ្សែងចេញពីកន្លែងនោះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃពុធនេះ។