Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រី​ជំនាញ ឲ្យ​បញ្ឈប់​បរិភោគ និង​លក់​ចែកចាយ ស្រា​ទំពាំងបាយជូ និង​ស្រា​សមាស​ហុង ជា​បន្ទាន់​!

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ នៃស្ថាប័នបង្ក្រាបផលិតផលក្លែងបន្លំ អំពាវនាវដល់ពលរដ្ឋ ឲ្យបញ្ឈប់បរិភោគស្រាទំពាំងបាយជូ និងស្រាស សញ្ញា មាស ហុង ជាបន្ទាន់ និងអំពាវនាវដល់អាជីវករទាំងអស់ សូមបញ្ឈប់ការលក់ និងចែកចាយ ស្រាទាំងនេះ ក្រោយរកឃើញមានផ្ទុកសារធាតុមេតាណុលលើសក្នុង កម្រិតមួយគ្រោះថ្នាក់បំផុត ។

មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បន្តនីតិវិធី ចុះត្រួតពិនិត្យ ឆែកឆេរ និងប្រមូលត្រឡប់មកវិញ នូវផលិតផល ស្រាទំពាំងបាយជូ និងស្រាស សញ្ញា មាសហុង នៅបណ្តាទីតាំងចែកចាយ និងកន្លែងលក់ស្រានានា ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានស្រាវជ្រាវរកឃើញមូលហេតុ ដែលមណ្តាលឲ្យមនុស្សចំនួន៣នាក់ ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។

ផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង ត្រូវបានមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានក.ប.ប. រកឃើញមានវត្តមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុត បង្កឲ្យស្លាប់បាត់បង់ជីវិត ប្រសិនបើបរិភោគស្រានេះ ក្នុងកម្រិតកំណត់មួយ ។

លទ្ធផលនៅថ្ងៃទី៦កញ្ញា ២០២១នេះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញនិងប្រមូល ស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុងបានចំនួន ១,២៥៣ដប ស្មើនឹង៦២៧ លីត្រ មករក្សាទុកដើម្បីប្រមូលវត្ថុតាងសម្រាប់ដាក់បន្ទុក ។

ស្ថាប័នបង្ក្រាបផលិតផលក្លែងបន្លំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបញ្ឈប់បរិភោគ ស្រាទំពាំងបាយជូ និងស្រាស សញ្ញា មាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក និងអំពាវនាវដល់អាជីវករទាំងអស់ សូមបញ្ឈប់ការលក់ និងចែកចាយ ស្រាទំពាំងបាយជូ និងស្រាសសញ្ញា មាស ហុង និងសូមទាក់ទងប្រគល់ជូនសមត្ថកិច្ច នៃអគ្គនាយកដ្ឋានក.ប.ប. ។

មួយថ្ងៃ ក្រោយពីករណីស្លាប់ប្រជាពលរដ្ឋចំនួន០៣នាក់ ដោយសង្ស័យពុលស្រាសនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាឲ្យមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាក គំរូ មកវិភាគរកមូលហេតុ នៃការស្លាប់បាត់បង់ជីវិត ។

កាលពីថ្ងៃទី០២ កញ្ញា ២០២១ មន្ត្រីជំនាញ បានចុះដល់កន្លែងកើតហេតុ និងបានរកឃើញ និងយកគំរូស្រា ដែលជនរងគ្រោះ បានបរិភោគសល់ យកមកវិភាគ នៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល ។ យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន ក.ប.ប. បាន បង្ហាញឲ្យឃើញថា ក្នុងចំណោមគំរូស្រា ចំនួន០៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន០៣គំរូ មានវត្តមានសារធាតុមេតាណុល ពី១.៣% រហូតដល់៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី១៣ ដល់៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុត សម្រាប់អ្នកបរិភោគ ។

បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី០៣ កញ្ញា ២០២១ មន្ត្រីអគ្គនាយកដ្ឋានបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈ កែច្នៃស្រាមួយចំនួន សម្រាប់ធ្វើជាវត្ថុតាង ។

ជាមួយគ្នានេះ មន្ត្រីជំនាញ បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានា ក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ចំនួន ៤៨យួរ (មួយយួរ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន ហើយមន្ត្រីជំនាញនឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ។

ដោយឡែក បើតាមនគរបាលខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងសិប្បកម្មផលិតស្រាថ្នាំឈ្មោះ ស្រាទំពាំងបាយជូ ខាងលើមានឈ្មោះ មាស ហុង ភេទប្រុស អាយុប្រមាណ ៦០ឆ្នាំ មុខរបរជាម្ចាស់សិប្បកម្មកែច្នៃស្រា មាស ហុង ដែលមានទីតាំងផ្ទះលេខ ៥៧B ផ្លូវលេខ ៣៥០ ភូមិ២ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

លោក មាស ហុង ជាម្ចាស់ទីតាំងសិប្បកម្មស្រាកែច្នៃមួយនេះ ទើបតែស្លាប់បាត់បង់ជីវិតដោយសារតែជំងឺ និងទើបបានធ្វើបុណ្យ ៧ថ្ងៃរួច គឺការបង្ក្រាប អាជ្ញាធរបានត្រឹមតែផ្អាកជាបណ្តោះអាសន្ននូវសិប្បកម្មផលិតស្រាសនេះ ដោយមិនឲ្យមានការផលិត និងលក់ចែកចាយជាបន្តទៀតនោះទេ ។

កន្លងមក ករណីពុល ស្រាស ឫស្រាថ្នាំ បណ្ដាលឲ្យបាត់បង់ជីវិត នៅក្នុងប្រទេសកម្ពុជានេះ មិនមែនទើបតែកើតឡើងជាលើកទី១ នោះទេ គឺច្រើនលើកច្រើនសារមកហើយ ប៉ុន្តែទាល់តែមានបាត់បង់ជីវិតមនុស្ស ទើបមានវត្តមានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ស្រាទាំងនោះ ហើយរកឃើញមានសារធាតុមេតាណុល ក្នុងកម្រិតគ្រោះថ្នាក់បំផុត បច្ចុប្បន្ននេះ មានស្រាប្រភេទកែច្នៃបែបនេះ មិនតិចយីហោទេ បាននិងកំពុងចរាចរណ៍នៅលើទីផ្សារ ៕

ដកស្រង់ពី៖ កោះសន្តិភាព