បណ្តាញសង្គម

ហ្វ៊ីលីពីន ដែលវាយប្រហារដោយព្យុះ ត្រៀមទទួលព្យុះទីហ្វុងដ៏ខ្លាំងក្លា

 យ៉ាងហោចមនុស្សម្នាក់ បានស្លាប់ដោយលង់ទឹក និងអ្នកនេសាទ ១៧ នាក់ បាត់ខ្លួន បន្ទាប់ពីព្យុះមួយ បានបង្អុរភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កឱ្យមានទឹកជំនន់នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ទី ៩ ខែកញ្ញានេះ ដោយសារព្យុះទីហ្វុងដ៏ខ្លាំងមួយ បានបោកបក់ឆ្ពោះមកប្រទេសប្រជុំកោះនេះ។

ព្យុះត្រូពិច Conson បានវាយប្រហារភាគកណ្តាល ខេត្ត Samar ខាងកើត ជាព្យុះទីហ្វុង កាលពីថ្ងៃចន្ទ មុននឹងចុះខ្សោយនៅពេលវាឆ្លងកាត់កោះនេះ ដោយបង្ខំឲ្យមនុស្សប្រហែល ១០.០០០ នាក់ ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកជំនន់ មានវត្តមាននៅក្នុងខេត្ត ដែលនៅជុំវិញតំបន់រដ្ឋធានី រួមជាមួយសហគមន៍នៅតំបន់ភាគកណ្តាល។ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានកើតឡើង ដោយសារព្យុះទីហ្វុង Chanthu ដែលមានល្បឿនខ្យល់ទ្រទ្រង់អតិបរមា ១៩៥ គ.ម- បានបោកបក់កាត់សមុទ្រហ្វីលីពីន ឆ្ពោះទៅទិសតសាននៃប្រទេស។

ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋ បាននិយាយថា Chanthu រំពឹងនឹងបោកបក់ ខេត្ត Cagayan នៅថ្ងៃសុក្រនេះ ដោយនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងមកលើតំបន់នេះ មុនពេលបន្តដំណើរឆ្ពោះទៅភាគខាងជើង ឆ្ពោះទៅកាន់កោះតៃវ៉ាន់។

ទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា នៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត “ការជម្លៀសមនុស្សចេញមុនពេល គឺចាំបាច់…ចំពោះអ្នក ដែលមានផ្ទះតូច ឬទ្រុឌទ្រោម ...។ ប្រទេសហ្វីលីពីន ត្រូវរងគ្រោះដោយព្យុះ និងព្យុះទីហ្វុងជាមធ្យមចំនួន ២០ ដង ជារៀងរាល់ឆ្នាំដែលជាផ្នែកដ៏គ្រោះថ្នាក់ និងរំខានដល់ជីវិតមនុស្សភាគច្រើននៅក្នុងប្រទេស។

អ្នកវិទ្យាសាស្ត្រ និយាយថា នៅពេលស្រទាប់ផ្ទៃនៃមហាសមុទ្រ ឡើងកំដៅដោយសារការប្រែប្រួលអាកាសធាតុ ខ្យល់ព្យុះស៊ីក្លូន កាន់តែមានឥទ្ធិពល និងមានទឹកច្រើន ដែលជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហគមន៍តំបន់ឆ្នេររបស់ពិភពលោក នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃសុក្រនេះ។