បណ្តាញសង្គម

កូរ៉េខាងជើង និយាយថា ប្រព័ន្ធមីស៊ីលបំពាក់លើផ្លូវដែកថ្មី ដែលទើបធ្វើតេស្តិ គឺដើម្បីវាយប្រហារ “កម្លាំងគំរាមកំហែង”

 ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កាំជ្រួចមីស៊ីល ដែលកូរ៉េខាងជើង បានបាញ់កាលពីថ្ងៃពុធនោះ គឺជាការសាកល្បងប្រព័ន្ធមីស៊ីលបំពាក់លើផ្លូវដែកថ្មីមួយ ដែលត្រូវបានរចនាឡើង ដើម្បីជាការវាយប្រហារដ៏មានសក្តានុពលចំពោះកងកម្លាំងណាដែលគំរាមកំហែងដល់ប្រទេសនេះ។

មីស៊ីលទាំងនោះ អាចហោះបានចម្ងាយ ៨០០ គីឡូម៉ែត្រ មុនពេលវាយប្រហារគោលដៅមួយនៅសមុទ្រនាឆ្នេរសមុទ្រភាគខាងកើតប្រទេសកូរ៉េខាងជើង។

កាលពីថ្ងៃពុធ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បានប្រកាសពីការចាប់បាននូវការបាញ់មីស៊ីលផ្លោងពីរគ្រាប់ ចេញពីប្រទេសកូរ៉េខាងជើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្លួន បានសាកល្បងមីស៊ីលផ្លោងបំពាក់លើនាវា ដែលក្រុមអ្នកវិភាគនិយាយថា អាចមានសមត្ថភាពនុយក្លេអ៊ែរ ការបាញ់សាកល្បងរបស់កូរ៉េខាងជើង បានកើតឡើងនៅថ្ងៃតែមួយ ដែលកូរ៉េខាងត្បូង បានសាកល្បងមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹក និងបានក្លាយជាប្រទេសដំបូងគេ ដោយគ្មានអាវុធនុយក្លេអ៊ែរ ដែលបង្កើតប្រព័ន្ធបែបនេះ។

កូរ៉េទាំងពីរ ធ្លាប់បានឋិតក្នុងការប្រកួតប្រជែងសព្វាវុធ ដែលកាន់តែក្តៅគគុក ដោយភាគីទាំងពីរបានបង្ហាញមីស៊ីលថ្មីៗ កាន់តែមានសមត្ថភាព និងអាវុធផ្សេងៗទៀត។

ការសាកល្បងអាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើង បានទាក់ទាញការថ្កោលទោស និងការព្រួយបារម្ភពីអន្តរជាតិ ដោយសហរដ្ឋអាមេរិក និយាយថា ពួកគេ បានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងដល់ប្រទេសជិតខាង-របស់រដ្ឋធានីព្យុងយ៉ាង នេះបើតាមការផ្សាយពី CNA/Reuters នៅថ្ងៃព្រហ. នេះ។