បណ្តាញសង្គម

ឥណ្ឌូនេស៊ី កំពុងពិភាក្សាជាមួយអង្គការ WHO ដើម្បីក្លាយជាមជ្ឈមណ្ឌលវ៉ាក់សាំងសកល

 រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បានប្រាប់រ៉យទ័រថា ប្រទេស ខ្លួនកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រុមហ៊ុនថ្នាំចំនួន ៦ ផ្សេងទៀត ដើម្បីក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ផលិតវ៉ាក់សាំង ពី mRNA ។

លម្អិតអំពីយុទ្ធសាស្ត្រមហិច្ឆតាជាលើកដំបូង លោករដ្ឋមន្ត្រី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ ដោយផ្តល់អាទិភាពដល់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ពីក្រុមហ៊ុន ដែលបានចែករំលែកបច្ចេកវិទ្យា និងបង្កើតទីកន្លែងនៅឥណ្ឌូនេស៊ី។

លោករដ្ឋមន្ត្រី បានបញ្ចុះបញ្ចូលដោយផ្ទាល់ដល់អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ក្នុងដំណើរទៅកាន់ទ្វីបអឺរ៉ុប កាលពីដើមខែនេះ។ “អង្គការសុខភាពពិភពលោក បានចង្អុលទៅអាហ្វ្រិកខាងត្បូងថា ជាទីតាំងទីមួយ ហើយខ្ញុំ បាននិយាយដោយសមហេតុផលថា ឥណ្ឌូនេស៊ី គួរតែជាប្រទេសទី ២ »។

ប្រទេសឥណ្ឌូនេស៊ី ចង់កសាងជំនាញការក្នុងវ៉ាក់សាំង mRNA ក៏ដូចជាវ៉ាក់សាំងប្រឆាំងមេរោគ នានា ដែលផលិតដោយក្រុមហ៊ុន AstraZeneca ។ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានចំណូលទាប និងមធ្យមលេខរៀងទី ២៥ ដែលបង្ហាញការចាប់អារម្មណ៍ ក្នុងការធ្វើជាមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំង ប៉ុន្តែបានបដិសេធ មិននិយាយថាតើវាជាបេក្ខជនឈានមុខគេ ឬយ៉ាងណានោះទេ។

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បាននិយាយថា ប្រទេសខ្លួន មានទីតាំងល្អក្នុងការនាំចេញវ៉ាក់សាំងនៅជុំវិញពិភពលោក ជាពិសេសខ្លួន ជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក ហើយអាចធានាបានថា វ៉ាក់សាំងរបស់ខ្លួន គឺហាឡាល់ halal ឬអនុញ្ញាតតាមសាសនាអ៊ីស្លាម។

ប្រទេសឥណ្ឌូនេស៊ី បានប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកូវីដ -១៩ ដ៏ធ្ងន់ធ្ងរបំផុតនៅអាស៊ីហើយមានកំនត់ត្រាឆ្លងជាង ៤.១ លាននាក់ និងស្លាប់ចំនួន ១៣៩.០០០ នាក់ បើទោះបីជាអ្នកជំនាញសុខភាពសាធារណៈ និយាយថា តួលេខពិត ទំនងជាខ្ពស់ជាងនេះច្រើនដងក៏ដោយ។

យ៉ាងណាលោករដ្ឋមន្ត្រី បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី នឹងប្រើភាពជាមេដឹកនាំរបស់ខ្លួននៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលចាប់ផ្តើមនៅខែធ្នូ ដើម្បីលើកកម្ពស់សន្តិសុខសុខភាពពិភពលោក និងត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត បន្ទាប់ពីមេរោគកូរ៉ូណា ដែលត្រូវបានគេស្គាល់ថា SARS-CoV-2 នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ។