បណ្តាញសង្គម

មេដឹកនាំសកម្មប្រយុទ្ធឥណ្ឌូនេស៊ី ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ

 កាលពីថ្ងៃអាទិត្យទី ១៩ ខែកញ្ញា កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ី បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធឥណ្ឌូនេស៊ីខាងកើត Mujahideen (MIT) ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស បានឲ្យដឹងថា ប្រតិបត្តិការរួមគ្នាមួយដោយបុគ្គលិកយោធា និងប៉ូលីស បានសម្លាប់លោក Ali Kalora នៅក្នុងការបាញ់ប្រហារ នៅភូមិមួយនៅលើកោះ Sulawesi កាលពីរសៀលថ្ងៃសៅរ៍។

ជនសកម្មប្រយុទ្ធម្នាក់ទៀត ដែលមានឈ្មោះថា Jaka Ramadhan ដែលត្រូវបានគេស្គាល់ថា Ikrima ក៏ត្រូវបានបាញ់សម្លាប់ផងដែរ។ ប៉ូលីស បាននិយាយ ដោយបន្ថែមថា ការតាមប្រមាញ់កំពុងដំណើរការសម្រាប់សមាជិក MIT បួននាក់ផ្សេងទៀត។

រំសេវផ្ទុះជាច្រើន កាំភ្លើង M16 (ឬM សី) ១ដើម និងកាំបិតខ្លីពីរដើម ត្រូវបានរកឃើញ រួមជាមួយភស្តុតាងផ្សេងទៀតនៃសកម្មភាពសកម្មប្រយុទ្ធ បន្ទាប់ពីការវាយឆ្មក់នេះ។ លោក Kalora បានឡើងកាន់តំណែងជាប្រធាន MIT បន្ទាប់ពីកងកម្លាំងសន្តិសុខ បានសម្លាប់មេដឹកនាំពីមុនរបស់វា គឺលោក Santoso ក្នុងឆ្នាំ ២០១៦ ។

អាជ្ញាធរ ជឿជាក់ថា MIT នៅពីក្រោយអំពើឃាតកម្មដ៏ឃោរឃៅលើអ្នកភូមិ ៤ នាក់នៅ Sulawesi កណ្តាល កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ទោះបីក្រុមនេះមិនបានអះអាងទទួលខុសត្រូវក៏ដោយ។ អតីតមេដឹកនាំ Santoso ធ្លាប់ជាក្រុមសកម្មប្រយុទ្ធ ដែលគេចង់ចាប់ខ្លួនបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី-ជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក។

លោក Santoso គឺជាជនសកម្មប្រយុទ្ធដំបូងគេម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានសន្យាស្មោះត្រង់នឹងក្រុមរដ្ឋអ៊ីស្លាម។

កាលពីខែមុន ប៉ូលីសឥណ្ឌូនេស៊ី បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ ៥៣ នាក់ ដែលសង្ស័យថាមានគម្រោងវាយប្រហារនៅថ្ងៃឯករាជ្យរបស់ប្រទេស នេះបើតាមការផ្សាយរបស់ CNA/Reutersកាលពីថ្ងៃអាទិត្យ-ម្សិលមិញ។