Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី វិលទៅរកការធ្លាក់ចុះវិញនៅត្រីមាសទី៣ ដោយសារវិបត្តិកូវីដ-១៩

  • បោះពុម្ព

(គូឡាឡាំពួ)៖ សេដ្ឋកិច្ចម៉ាឡេស៊ីបានវិលត្រលប់ទៅរកការធ្លាក់ចុះនៅត្រីមាសទី៣ ដែលជាប្រទេសទីមួយនៅតំបន់អាស៊ីអាគ្នេហ៍ដែលបានរាយការណ៍ពីការធ្លាក់ចុះនេះ ប៉ុន្តែធនាគារកណ្តាលម៉ាឡេស៊ីរំពឹងថា កំណើននឹងវិលត្រលប់មកវិញឆាប់រហ័ស ខណៈមានការបន្ធូរបន្ថយវិធានការរឹតត្បឹតដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃនេះថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅត្រីមាសទី៣ បានធ្លាក់ចុះ ៤,៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលធ្លាក់ចុះខ្លាំងជាងការវិភាគដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg ដែលថាធ្លាក់ចុះតែ ២,៦ភាគរយ។

ធៀបនឹងត្រីមាសទី២ ផ.ស.ស ធ្លាក់ចុះតែ ៣,៦ភាគរយប៉ុណ្ណោះបន្ទាប់កែប្រែតួលេខតាមរដូវកាលរួច។ Bloomberg បានរាយការណ៍ថា បើទោះជាសេដ្ឋកិច្ចធ្លាក់ចុះនៅត្រីមាសទី៣ ក្តី ក៏ធនាគារកណ្តាលម៉ាឡេស៊ីបានអះអាងថា ចក្ខុវិស័យរបស់រដ្ឋាភិបាលសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះគឺមានកំណើន ៣-៤ភាគរយ ហើយអតិផរណានឹងមានពីចន្លោះពី ២-៣ភាគរយ។

ធនាគារកណ្តាលក៏បានបញ្ជាក់អំពីចក្ខុវិស័យឆ្នាំ២០២២ ផ្លូវការសម្រាប់ ផ.ស.ស ផងដែរ ថានឹងកើនឡើងចន្លោះពី ៥,៥-៦,៥ភាគរយ។ លោកស្រី Nor Shamsiah Yunus ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ីបានថ្លែងក្នុងសន្និសីទកាសែតតាមអនឡាញនៅថ្ងៃនេះថា គោលនយោបាយរូបិយវត្ថុនឹងនៅតែមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងធានាថា សម្ពាធថ្លៃអាចគ្រប់គ្រងបាន។

លោក Wellian Wiranto សេដ្ឋវិទូប្រចាំក្រុមហ៊ុន Oversea-Chinese Banking Corp ក្នុងប្រទេសសិង្ហបុរីថ្លែងប្រាប់ Bloomberg ថា៖ «យើងបានរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ហើយការធ្លាក់ចុះនេះមានកម្រិតខ្លាំងជាងការរំពឹងទុករបស់យើង»។

លោកថ្លែងបន្តថា ការចាក់វ៉ាក់សាំងបានច្រើន និងការបើកសេដ្ឋកិច្ចឡើងវិញ នឹងជួយឱ្យមានការស្ទុះងើបឡើងវិញក្នុងកម្រិតកាន់តែខ្លាំង។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg សន្ទស្សន៍ភាគហ៊ុនរបស់ផ្សារហ៊ុននៅម៉ាឡេស៊ីបានកើនឡើង ០,៥ភាគរយនៅពេលថ្ងៃត្រង់។

ប្រាក់រីងហ្គីតបានឡើងថ្លៃ ០,១ភាគរយដល់ ៤,១៦៧៥រីងហ្គីតក្នុងមួយដុល្លារ។ លោកស្រី Shamsiah ទេសាភិបាលធនាគារកណ្តាលបន្តថា ការធ្លាក់ចុះសេដ្ឋកិច្ចនេះត្រូវបានគេមើលឃើញកើតមាននៅគ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ច។

លោកស្រីបន្ថែមថា បើទោះជាដូចនេះក្តី ការលុបចេញវិធានការទប់ស្កាត់កូវីដសន្សឹមៗ និងការភាពប្រសើរឡើងក្នុងទីផ្សារការងារ នឹងជួយឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញនៅត្រីមាសទី៤៕

ដកស្រង់ពី៖ Fresh News