Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UN អំពាវនាវឲ្យមីយ៉ាន់ម៉ាបញ្ឈប់ ការប្រើហិង្សាជ្រុលហួសហេតុ ក្រោយមានសេចក្តីរាយការណ៍ បាតុករ៥នាក់ទៀតទើបស្លាប់

  • បោះពុម្ព

 (ណៃពិដោ)៖ អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ឈប់នូវការប្រើប្រាស់អំពើហិង្សាខ្លាំងជ្រុលហួសហេតុ ប្រឆាំងលើក្រុមជនស៉ីវិល ក្រោយមានសេចក្តីរាយការណ៍ព័ត៌មានថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើករថយន្តបំបុកចូលហ្វូងបាតុករ ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។ លោក រ៉ាម៉ាណាថាន់ បាឡាគ្រីស្នាន់ (Ramanathan Balakrishnan) ប្រធានការិយាល័យសម្របសម្រួលប្រតិបត្តិការរបស់ UN ប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា ការប្រើអំពើហិង្សាជ្រុលហួសហេតុពីសំណាក់យោធាមីយ៉ាន់ម៉ា គួរតែត្រូវបញ្ឈប់ជាបន្ទាន់ ហើយបុគ្គលដែលប្រព្រឹត្តទង្វើបែបនេះទៅលើ ជនស៉ីវិលដែលគ្មានអាវុធការពារខ្លួនផងនោះ ត្រូវតែទទួលពិន័យឬដាក់ទោស។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Now បានរាយការណ៍ថា នាវេលាព្រឹកថ្ងៃដដែល មនុស្សមួយក្រុមបាននាំគ្នា ធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ នៅឯទីក្រុងរ៉ង់ហ្គូន ប៉ុន្តែគ្រាន់តែចាប់ផ្តើមមិនបានយូរប៉ុន្មានផង ក៏មានរថយន្តរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើកទៅបំបុកចូលហ្វូងពួកគេ។

យោងតាមសារព័ត៌មានដដែល បាតុករយ៉ាងហោច៥នាក់ បានបាត់បង់ជីវិត ក្រោយហេតុការណ៍នោះ ហើយ១៥នាក់ ត្រូវបានចាប់ខ្លួន ខណៈសាក្សីបានអះអាងថា មនុស្សជាច្រើនទៀតក៏បានរងរបួសផងដែរ។

ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានផ្តល់ការអត្ថាធិប្បាយអ្វី ជុំវិញករណីនេះឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា កងកម្លាំងសន្តិសុខបានបង្រ្កាបក្រុមកុបកម្មខុសច្បាប់ និងចាប់ខ្លួនបានមនុស្ស៨នាក់ ហើយ៣នាក់ទៀតបានរងរបួស ប៉ុន្តែមិនបានបញ្ជាក់ថា មានអ្នកស្លាប់ឬក៏អត់ទេ។

គួរបញ្ជាក់ថា សកម្មភាពធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា នៅតែបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះបីគិតមកទល់ពេលនេះ មនុស្សច្រើនជាង ១,៣០០នាក់ បានបាត់បង់ជីវិតក៏ដោយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោង សាន ស៊ូ ជី កាលពីដើមខែកុម្ភៈ ឆ្នាំនេះ។

នៅថ្ងៃចន្ទនេះ ស្រី ស៊ូ ជី ទើបត្រូវតុលាការមីយ៉ាន់ម៉ា កាត់ក្តីឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពាក់ព័ន្ធបទល្មើសលើវិធានការទប់ស្កាត់កូវីដ-១៩ ខណៈលោកស្រីនៅប្រឈមបទល្មើសជាច្រើនផ្សេងទៀត៕

ដកស្រង់ពី៖ Fresh News