បណ្តាញសង្គម

បំផ្ទុះគ្រាប់បែក អត្តឃាត ក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន ស្លាប់ ៤នាក់ និង ២០នាក់រងរបួស

កាប៊ុល៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា មានករណីដាក់ បំផ្ទុះគ្រាប់បែក អត្តឃាតនៅក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន បណ្តាលឲ្យមាន អ្នកស្លាប់យ៉ាងហោចណាស់ ៤នាក់ និងមនុស្សជាច្រើននាក់រងរបួស ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ថា បើតាមសម្តីរបស់ កងសន្តិសុខ បានប្រាប់ថា ករណីបំផ្ទុះគ្រាប់បែក គឺបានកើតឡើង បន្ទាប់ពីមាន ក្រុមវាយប្រហារម្នាក់ បានបើកទ្វាររថយន្ត រួចបោះគ្រាប់ បែកអត្តឃាត បំផ្ទុះឡើង នៅជិតបន្ទាយ យោធាមួយ ដែលជាកម្មសិទ្ធិរបស់ ក្រុមបេសកកម្ម ប៉ូលិសអឺរ៉ុប (EUPOL) នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដែលអង្គភាពមួយនេះ បានទទួលបន្ទុក ខាងផ្នែកបង្វឹក កងទ័ព នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ។

ប្រភពព័ត៌មាន អនាមិក បានបញ្ជាក់ថា មានរថយន្តមន្ត្រី EUPOL មួយរូប ដែលត្រូវបានគេដាក់ បំផ្ទុះគ្រាប់បែក និង បណ្តាលឲ្យស្លាប់ ២នាក់ និងក្រោយមក ក៏បានស្លាប់អ្នកនៅជិតនោះ ជាបន្តបន្ទាប់ ។ គួរបញ្ជាក់ថា ចំពោះអត្តសញ្ញាណ នៃអ្នកដាក់បំផ្ទុះ គ្រាប់បែក មិនទាន់ដឹងច្បាស់ នៅឡើយទេ បន្ទាប់ពីករណីនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៩និង០៦នាទី ( ម៉ោងនៅក្នុងតំបន់ ) ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា " មានមនុស្សប្រហែល ២០នាក់ រងរបួសធ្ងន់ និងស្រាល និងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ក្នុងនោះមានស្ត្រីចំនួន ៨នាក់ និងកុមារចំនួន ៣នាក់ " ។ ប្រភពបានបន្តថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង ថែមទៀត ព្រោះអ្នករងគ្រោះ មានអាការៈធ្ងន់ធ្ងរ ច្រើនជាងអ្នករង របួសស្រាល ៕

ដកស្រង់ពី៖ ដើមអម្ពិល