Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសអាមេរិកអះអាងថា អ៊ុយក្រែនមានផែនការរួចស្រេច ដើម្បីធានាមិនឱ្យរដ្ឋាភិបាលដួលរលំ ក្នុងករណីលោក ហ្សេលេនស្គី បាត់បង់ជីវិត

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) បានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែនមានផែនការត្រៀមរួចជាស្រេច ដើម្បីបង្ការការដួលរលំ ប្រសិនបើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលេនស្គី (Volodymyr Zelensky) ត្រូវបាត់បង់ជីវិត អំលុងប្រតិបត្តិការយោធារបស់រុស្ស៉ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CBS នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា លោក Blinken បាននិយាយយ៉ាងដូច្នេះថា «អ៊ុយក្រែនមានផែនការត្រៀមទុករួចជាស្រេច ដើម្បីធានានូវអ្វីដែលគេហៅថា ការបន្តដំណើរការនៃរដ្ឋាភិបាល ប៉ុន្តែខ្ញុំនឹងមិននិយាយអ្វីឱ្យលម្អិតទៀតឡើយ គឺបានត្រឹមបង្ហើបឱ្យដឹងតែប៉ុននេះ»។

ជាមួយគ្នា លោកប្រមុខការទូតអាមេរិក ក៏បានឆ្លៀតឱកាសថ្លែងកោតសរសើរ ចំពោះមេដឹកនាំក៏ដូចជារដ្ឋាភិបាលអ៊ុយក្រែនទាំងមូលផងដែរ គិតចាប់តាំងពីស្ថានការណ៍ធ្ងន់ធ្ងរ បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ យោងតាមរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន ប្រសិនបើប្រធានាធិបតីបាត់បង់ជីវិត ពេលកំពុងកាន់អំណាច នោះប្រធានសភានឹងត្រូវបន្តតំណែងពីរូបលោក។

បច្ចុប្បន្នប្រធានសភាអ៊ុយក្រែន គឺលោក រូស្លាន ស្ទេហ្វានឈុក (Ruslan Stefanchuk)។ លោក Blinken បានធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធប្រធានបទដូចខាងលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា ក្រុមមន្រ្តីអាមេរិកនិងសម្ព័ន្ធមិត្ត បានជជែកដេញដោលគ្នា ស្តីពីអ្នកបន្តវេនប្រធានាធិបតីនៅអ៊ុយក្រែន ក្នុងករណីដែលលោក Zelensky ត្រូវគេចាប់ខ្លួនបាន ឬក៏ធ្វើឃាត។

គួរបញ្ជាក់ថា ខណៈនេះ បើតាមលោក Zelensky ផ្ទាល់ គឺលោកកំពុងបន្តស្ថិតក្នុងរដ្ឋធានីកៀវដដែល ហើយកន្លងមកលោក ថែមទាំងបានបដិសេធ ចំពោះសំណើជួយជម្លៀសខ្លួនពីសហរដ្ឋអាមេរិកទៀតផង ដោយលោកបានលើកឡើងថា លោកត្រូវការគ្រាប់ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី មិនមែនត្រូវការឱ្យគេជួយរត់ភៀសខ្លួនពីប្រទេសឡើយ៕

ដកស្រង់ពី៖ Fresh News