ហ្វាំងឡង់ និងស៊ុយអែត ចុះហត្ថលេខាលើពិធីសារចូលជាសមាជិក NATO ប៉ុន្តែនៅតែត្រូវការសច្ចាប័ន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
ក្រុមឯកអគ្គរដ្ឋទូតរបស់អង្គការ NATO បានចុះហត្ថលេខាលើពិធីសារ នៃការចូលជាសមាជិក សម្រាប់ហ្វាំងឡង់ និងស៊ុយអែតហើយ នេះបើតាមការចេញផ្សាយដោយ វែបសាយរបស់អង្គការ NATO។
ពិធីចុះហត្ថលេខាលើ ត្រូវបានធ្វើឡើងនៅឯទីស្នាក់ការកណ្តាលរបស់ NATO ដែលស្ថិតក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក ជាមួយវត្តមានរបស់រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោក Pekka Haavisto និងរដ្ឋមន្រ្តីការបរទេសស៊ុយអែត លោកស្រី Ann Linde។
នាឱកាសនោះ អគ្គលេខាធិការ NATO លោក Jens Stoltenberg បានលើកឡើងយ៉ាងដូច្នេះថា «នេះពិតជាពេលវេលាជាប្រវត្តិសាស្រ្តមួយ សម្រាប់ហ្វាំងឡង់ ស៊ុយអែត និង NATO និងសម្រាប់សន្តិសុខរួមរបស់ពួកយើង»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញ ក្រុមថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក NATO បានឯកភាពគ្នាអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែត ឱ្យចូលរួមក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីប្រទេសទាំងពីរ បានដាក់ពាក្យសុំចូលជាសមាជិកដំណាលគ្នា កាលពីខែឧសភា។
ការចុះពិធីសារខាងលើ គឺជាការចាប់ផ្តើមនៃដំណើការផ្តល់សច្ចាប័ន ចំពោះសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត នេះបើតាមការផ្សាយរបស់ Reuters ។