បណ្តាញសង្គម

យន្តហោះចម្បាំង F-35 អាមេរិក បានមកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធយោធា

 ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន៦គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងយន្តហោះចម្បាំងកូរ៉េខាងត្បូង នេះបើតាមការចេញផ្សាយរបស់ Reuters ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមយន្តហោះចម្បាំង F-35 ខាងលើ ដែលត្រូវបានចល័តចេញពីមូលដ្ឋានទ័ពអាកាស អ៊ែលសុន (Eielson) នៃរដ្ឋអាឡាស្កា (Alaska) របស់សហរដ្ឋអាមេរិក នឹងចូលរួមការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពអាកាសកូរ៉េខាងត្បូង រហូតដល់ថ្ងៃទី១៤ ខែកក្កដា។

គួរបញ្ជាក់ថា នេះ គឺជាការចល័តយន្តហោះចម្បាំងអាមេរិក F-35 លើកដំបូងបង្អស់ មកកាន់ឧបទ្វីបកូរ៉េ ដែលត្រូវបានប្រកាសឱ្យដឹងជាសាធារណៈ បើគិតចាប់តាំងពីចុងឆ្នាំ២០១៧មក។ កំឡុងសមយុទ្ធរួមគ្នា ដែលមានរយៈពេល១០ថ្ងៃ ក្រុមយន្តហោះចម្បាំង F-35 គ្រោងនឹងហោះធ្វើប្រតិបត្តិការ ជាមួយក្រុមយន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងដទៃទៀត នៅលើដែនអាកាសកូរ៉េខាងត្បូង ព្រមទាំងនៅលើដែនសមុទ្រជុំវិញនោះ។