បណ្តាញសង្គម

បេក្ខជនប្រកួតប្រជែង ដើម្បីក្លាយនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ជម្រុះមកនៅត្រឹម៣នាក់

 អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃអង្គារ នៅតែបន្តទទួលបានការគាំទ្រនាំមុខគេនៅក្នុងការបោះឆ្នោតជុំទីបួន ដើម្បីជ្រើសរើសអ្នកដែលនឹងត្រូវជំនួស លោក Boris Johnson ជាប្រធានថ្មីរបស់បក្ស និងជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ខណៈបេក្ខជនម្នាក់ទៀត ត្រូវបានជម្រុះចេញពីការប្រកួត។

ក្នុងការបោះឆ្នោតជុំទីបួននេះ លោក Sunak ទទួលបានការគាំទ្រចំនួន១១៨សំឡេង ក្នុងចំណោមក្រុមសមាជិកសភារបស់គណបក្សអភិរក្សនិយម។ ចំណែករដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី Penny Mordaunt ទទួលបាន ៩២សំឡេង ហើយរដ្ឋមន្រ្តីការបរទេស លោកស្រី Liz Truss ទទួលបាន ៨៦សំឡេង។

រីឯអតីតរដ្ឋលេខាធិការទទួលបន្ទុក កិច្ចការសមភាពយែនឌ័រ លោកស្រី Kemi Badenoch ដែលទទួលបានត្រឹម ៥៩សំឡេង ដែលជាចំនួនតិចជាងគេ គឺត្រូវបានជម្រុះចេញពីការប្រកួត នៅថ្ងៃពុធនៅចក្រភពអង់គ្លេស ក្រុមសមាជិកសភាបក្សអភិរក្សនិយម នឹងបន្តបោះឆ្នោតជម្រុះបេក្ខជនម្នាក់ទៀត ដើម្បីឱ្យនៅសល់ត្រឹម២នាក់ចុងក្រោយ។

ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភាអង់គ្លេស នឹងឈានដល់ពេលវិស្សមកាល ហើយអំលុងពេលនោះ បេក្ខជនទាំង២រូប នឹងត្រូវឆ្លងកាត់បោះឆ្នោតជុំចុងក្រោយ ដែលធ្វើឡើងក្នុងចំណោមសមាជិកប្រមាណជា ២០ម៉ឺននាក់ របស់គណបក្សអភិរក្សនិយមវិញម្តង មិនមែនក្នុងចំណោមសមាជិកសភារបស់បក្សទៀតឡើយ។

គួរបញ្ជាក់ថា អ្នកទទួលជ័យជម្នះ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីក្លាយជាប្រធានបក្ស និងជានាយករដ្ឋមន្រ្តីជំនួស លោក Johnson ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន។ ការបោះឆ្នោតជុំចុងក្រោយនោះទៀតសោត នឹងមានន័យថា អង់គ្លេស អាចនឹងទទួលបាន នាយករដ្ឋមន្រ្តីដំបូងបំផុត ដែលមានដើមកំណើតអាស៊ី ឬមួយក៏នាយករដ្ឋមន្រ្តីជាស្រ្តីភេទជាលើកទី៣ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃពុធ។