បណ្តាញសង្គម

WHO នឹងសម្រេចថា គួរឬមិនគួរប្រកាសអាសន្នកម្រិតខ្ពស់បំផុត សម្រាប់ជំងឺអុតស្វា ដែលកំពុងរីករាលដាល

 អង្គការសុខភាពពិភពលោក WHO នឹងកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកបញ្ហាជំងឺអុតស្វា (monkeypox) ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេចថាតើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ គួរត្រូវចាត់ទុកជាគ្រោះអាសន្នផ្នែកសុខភាពជាសកល ឬក៏យ៉ាងណា ខណៈវាជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO។

កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសង្រ្គោះបន្ទាន់របស់ WHO ស្តីពីមេរោគអុតស្វា នឹងត្រូវធ្វើឡើងដើម្បីពិនិត្យមើលភស្តុតាង ស្តីពីស្ថានការណ៍វិវត្តទៅមុខកាន់តែអាក្រក់នៃជំងឺនេះ ខណៈដែលករណីឆ្លងចំនួន ១៤,០០០ករណី ត្រូវបានរាយការណ៍ពីជាង ៧០ ប្រទេស ហើយទើបតែបានរីករាលដាល ដល់ប្រទេសចំនួន៦បន្ថែមទៀត។

ប្រសិនបើគណៈកម្មាធិការនេះ ផ្តល់យោបល់ថា ស្ថានភាពបច្ចុប្បន្នបានឈានដល់កម្រិតប្រកាសអាសន្នសុខភាពជាសកលនោះ គឺគណៈកម្មាធិការ នឹងស្នើឡើងនូវអនុសាសន៍បណ្តោះអាសន្ន ស្តីពីវិធានការបង្ការ និងកាត់បន្ថយការរាលដាលឱ្យប្រសើរជាងមុន ហើយគ្រប់គ្រងការឆ្លើយតបផ្នែកសុខភាពសាធារណៈជាសកល។ ទោះយ៉ាងណា គេនៅមិនដឹងអំពីពេលវេលា នៃការប្រកាសលទ្ធផលជាសាធារណៈ នៅឡើយទេ។

គួរបញ្ជាក់ថា ការកើនឡើងនៃករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍ ចាប់តាំងពីដើមខែឧសភាមកម្ល៉េះ នៅក្រៅបណ្តាប្រទេសអាហ្វ្រិកខាងលិច និងកណ្តាល ជាកន្លែងដែលជំងឺនេះ ធ្លាប់បានរាលដាលជាយូរមកហើយ នេះបើតាមផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍។