Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការធម្មនុញ្ញថៃ ផ្អាកមុខតំណែងនាយករដ្ឋមន្រ្តីជាបណ្តោះអាសន្ន

  • បោះពុម្ព

 កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានបង្គាប់ឱ្យនាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha ផ្អាកពីមុខតំណែងជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការ បានទទួលយកញត្តិរបស់បក្សប្រឆាំង ដែលទាមទារឱ្យមានការសម្រេចទៅលើរយៈពេលកាន់អំណាចរបស់លោក។

លោក Prayut គឺជាអគ្គមេបញ្ជាការយោធា នៅពេលដែលលោក បានដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Yingluck Shinawatra កាលពីឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះ លោក បានដឹកនាំប្រទេសក្នុងនាមជាប្រមុខរបបយោធា ហើយបន្ទាប់មក លោកក៏បានក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស៊ីវិល នៅឆ្នាំ២០១៩ ក្រោយការបោះឆ្នោតសកល។

ការបោះឆ្នោតសកលបន្ទាប់ទៀត ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែនាពេលថ្មីៗនេះ គណបក្សប្រឆាំង Pheu Thai បានដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញ ធ្វើការសម្រេចថាតើ លោក Prayut អាចកាន់អំណាចបានយូរប៉ុនណាឱ្យប្រាកដ។

ខាងក្រុមប្រឆាំង បានលើកឡើងថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក Prayut បានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៤ គឺប៉ុន្មានខែក្រោយរដ្ឋប្រហារយោធា ដូច្នេះហើយវាគួរតែបញ្ចប់ទៅវិញ នៅមុនដំណាច់ខែនេះ ក្រោយគ្រប់៨ឆ្នាំ។ យោងតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្រ្តី អាចកាន់អំណាចបានយូរបំផុតសរុបត្រឹម ៨ឆ្នាំ។

ដោយឡែកក្រុមអ្នកគាំទ្រមួយចំនួន បានប្រកែកថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក គឺទើបតែបានចាប់ផ្តើមនៅឆ្នាំ២០១៧ ជាពេលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬក៏ក្រោយការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលមានន័យថា លោក Prayut គួរតែត្រូវបានអនុញ្ញាតឱ្យបន្តកាន់អំណាច រហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប្រសិនបើលោក នៅទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា។

សូមបញ្ជាក់ថា លោក Prayut Chan-o-cha វ័យ៦៨ឆ្នាំ នឹងត្រូវផ្អាកពីតួនាទី រហូតទាល់តែដល់ពេលតុលាការធម្មនុញ្ញ ចេញសេចក្តីសម្រេចពាក់ព័ន្ធរយៈពេលកាន់អំណាចរបស់លោក។

ដូច្នេះហើយ កំលុងចន្លោះពេលនេះ លោកឧបនាយករដ្ឋមន្រ្តី Prawit Wongsuwan វ័យ៧៧ឆ្នាំ ទំនងនឹងត្រូវឡើងជានាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន នេះបើតាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធ។