បណ្តាញសង្គម

លោក បៃដិន ជ្រើសរើសមេបញ្ជាការកងទ័ពអាកាស ឱ្យឡើងជាមេទ័ពកំពូលថ្មីរបស់អាមេរិក

 សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចជ្រើសរើស មេកងទ័ពអាកាស លោក Charles Q. Brown ឱ្យឡើងកាន់តួនាទីជា មន្រ្តីយោធាកំពូលថ្មីនៃសហរដ្ឋអាមេរិក សេតវិមាន និយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី បៃដិន នឹងប្រកាសជាផ្លូវការពីការជ្រើសតាំង លោកឧត្តមសេនីយ៍ Q. Brown ដែលជានាយសេនាធិការកងទ័ពអាកាសអាមេរិក ឱ្យឡើងកាន់តួនាទីជាប្រធាននាយសេនាធិការចម្រុះនៃយោធារបស់សហរដ្ឋអាមេរិក ដែលជាតំណែងមេទ័ពកំពូលនៅក្នុងជួរយោធាអាមេរិក។

លោក Brown គឺជាឧត្តមសេនីយមួយរូប ដែលពោរពេញដោយបទពិសោធន៍ ប៉ុន្តែបទពិសោធន៍ដ៏សំខាន់បំផុតមួយរបស់លោក គឺក្នុងនាមជាមេបញ្ជាការកងទ័ពអាកាសអាមេរិកនៅតំបន់ប៉ាស៉ីហ្វិក កាលពីចន្លោះឆ្នាំ២០១៨-២០២០ ខណៈវា គឺជាទីកន្លែងដែលទីក្រុងវ៉ាស៉ីនតោន កំពុងខ្នះខ្នែងព្យាយាមប្រជែងឥទ្ធិពលជាមួយប្រទេសចិន។

សូមបញ្ជាក់ថា មុនអាចឡើងកាន់តំណែងបាន លោក Brown ចាំបាច់ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាអាមេរិកសិន។ បច្ចុប្បន្ន បុគ្គល ដែលកំពុងកាន់តួនាទីជាប្រធាននាយសេនាធិការយោធាចម្រុះអាមេរិក គឺលោក Mark Milley ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០១៩មក នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍ ។