បណ្តាញសង្គម

កងទ័ពអាកាសថៃអះអាងថា សំណើសុំទិញយន្តហោះចម្បាំង F-35 ត្រូវបានអាមេរិកបដិសេធ

 កងទ័ពអាកាសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបដិសេធចំពោះសំណើពី សំណាក់ប្រទេសថៃ ស្តីពីការសុំទិញយន្តហោះចម្បាំង F-35 ដោយសារតែលក្ខខណ្ឌពាក់ព័ន្ធការហ្វឹកហាត់ និងផ្នែកបច្ចេកទេស។

ថៃ ដែលត្រូវបានអាមេរិក ចាត់ថ្នាក់ជាសម្ព័ន្ធមិត្តសំខាន់មួយ មិនមែននៅក្នុងអង្គការណាតូ កាលពីឆ្នាំ២០០៣ បានត្រៀមកញ្ចប់ថវិកាចំនួន ១៣.៨ពាន់លានបាត ឬស្មើនឹង៤០៧.៦៨លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ សម្រាប់យកទៅទិញយន្តហោះចម្បាំងថ្មីៗ មកជំនួសកងយន្តហោះចម្បាំងចាស់ៗ ដែលភាគច្រើន គឺជាយន្តហោះ F-15 ហើយនិង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។

ទីក្រុងបាងកក បានជ្រើសរើសយន្តហោះចម្បាំង F-35A ចំនួន៨គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ជាគោលដៅរបស់ខ្លួន។

សូមបញ្ជាក់ថា F-35 គឺជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមួយរបស់ពិភពលោក ហើយត្រូវបានចាត់ទុកផលិតផលពិសេស សម្រាប់នាំចេញតែទៅកាន់ក្រុមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកតែប៉ុណ្ណោះ ដែលនៅក្នុងតំបន់ប៉ាស៉ីហ្វិក គឺរួមមានអូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។

បច្ចុប្បន្ន ប្រទេសថៃ ក៏មានយន្តហោះចម្បាំង JAS-39 Gripen ចំនួន១២គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុនស៊ុយអែត Saab ផងដែរ បន្ថែមពីលើម៉ូដែលយន្តហោះចម្បាំងផលិតដោយសហរដ្ឋអាមេរិក ដែលភាគច្រើនក្នុងចំណោមនោះ គឺបានស្ថិតក្រោមការធ្វើប្រតិបត្តិការរាប់ទសវត្សរ៍មកហើយ។

កងទ័ពអាកាសថៃ បានបន្ថែមថា ខ្លួន នឹងនៅតែបន្តស្វែងរកជម្រើសថ្មី ដើម្បីយកមកជំនួសយន្តហោះចម្បាំង F-16 ខណៈ សហរដ្ឋអាមេរិក បានស្នើជួយផ្តល់ការកែលម្អ F-15 និង F-16 របស់ថៃ ដែលអាចប្រព្រឹត្តទៅបានឆាប់ រហ័សជាង នេះបើតាមការផ្សាយរបស់ AFP ។