Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ខណៈព្យុះទីហ្វុង Talim វាយប្រហារចិន និងវៀតណាម

  • បោះពុម្ព

ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិន និងវៀតណាម ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ចេញពីផ្ទះសម្បែងទៅកាន់ទីទួលមានសុវត្ថិភាព រៀបចំដោយរដ្ឋ ខណៈព្យុះទីហ្វុង ថាលីម (Talim) បានបក់ បោកវាយប្រហារលើតំបន់ដីគោក ដោយបង្ខំឱ្យមានការប្រកាសអាសន្នពីគ្រោះទឹកជំនន់ និងការលុបចោល ជើងហោះហើរ ព្រមទាំងការធ្វើដំណើរតាមរថភ្លើង។

បើតាមរដ្ឋបាលឧតុនិយមចិន ព្យុះទីហ្វុង Talim ដែលជាព្យុះទីហ្វុងទី៤ នៅក្នុងឆ្នាំនេះ បានបក់បោកទៅដល់ ដីគោកនៃតំបន់ឆ្នេរក្នុងខេត្តក្វាងទុង នៅម៉ោងប្រហែល ១០៖២០នាទីយប់ កាលពីថ្ងៃចន្ទ ជាមួយល្បឿន ខ្យល់បក់ ១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលឧតុនិយមចិន ក៏បានព្រមានដែរថា ព្យុះទីហ្វុង Talim នឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ឆ្នេរភាគខាងត្បូងចាប់ពីខេត្តក្វាងទុង ដល់ខេត្តហៃណាន់ ។

ប្រឈមុខនឹងព្យុះទីហ្វុងក៏ខ្លាំងនេះដែរ អាជ្ញាធរចិន បានចេញការប្រកាសអាសន្នកម្រិត «ពណ៌ទឹកក្រូច» ដែលជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតទី២ នៅក្នុងប្រព័ន្ធប្រកាសអាសន្ននៃអាកាសធាតុរបស់ចិន ហើយ នាវាជួយសង្រ្គោះ១១គ្រឿង ឧទ្ធម្ភាគចក្រ៥គ្រឿង ទូកតូចៗ៤៦គ្រឿង ព្រមទាំងក្រុមអ្នកជួយសង្រ្គោះ ត្រូវបានដាក់ឱ្យប្រចាំត្រៀមលក្ខណៈធ្វើសកម្មភាពគ្រប់ពេលវេលា។

សូមបញ្ជាក់ថា នៅឯប្រទេសវៀតណាមវិញ អាជ្ញាធរ ក៏កំពុងត្រៀមលក្ខណៈជម្លៀសប្រជាជនជាង ៣ម៉ឺន នាក់ចេញពីតំបន់ ដែលអាចនឹងរងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះ Talim ដូចជាខេត្ត កាងនីញ និងខេត្តហៃហ្វុង ពេលព្យុះនេះ ត្រូវបានគេព្យាករថា នឹងវាយប្រហារលើតំបន់ឈូងសមុទ្រតុងកឹង នេះបើតាមការផ្សាយរបស់ AFP ។