បណ្តាញសង្គម

ក្រុងកូឡាឡាំពួរ រងការគំរាម វាយប្រហារ ពីភេរវករ ចំពេលប្រមុខដឹកនាំ ពិភពលោក ចូលរួម ប្រជុំអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ

ម៉ាឡេស៊ី ៖ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានទទួលរង ការគំរាមវាយប្រហារ ពីក្រុមភេរវករ ខណៈដែល ប្រមុខមេដឹកនាំ ពិភពលោកជាច្រើន កំពុងទៅចូលរួម កិច្ចប្រជុំកំពូល អាស៊ានលើកទី ២៧ និង កិច្ចប្រជុំកំពូល ពាក់ ព័ន្ធជាច្រើនផ្សេងទៀត ។

ប្រទេសម៉ាឡេស៊ី កំពុងនឹង ទទួលរៀបចំ កិច្ចប្រជុំកំពូល អាស៊ានលើកទី ២៧ រួមនឹងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀតចាប់ ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួម ពីប្រធានាធិបតី អាម៉េរិក លោក ប៉ារ៉ាក់ អូបាម៉ា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ្ស៊ូអាបេ នាយករដ្ឋមន្រ្តីចិន លោក លី ខៃឈាង នាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន សែន រួមនិងប្រមុខមេដឹកនាំ ប្រទេសសមាជិក អាស៊ាន និងមេដឹកនាំ ពិភពលោកជា ច្រើនទៀត ។

លោក ពុយ គា អ្នកយក ព័ត៌មានក្យូដូ ដែលកំពុងស្ថិត នៅក្នុងអគារ រងការគំរាមពី ក្រុមភេរវករ នៅម៉ាឡេស៊ី បាន ប្រាប់ឲ្យដឹងថា បញ្ហាសន្ដិសុខ បានរឹតបន្ដឹង យ៉ាងខ្លាំងបំផុត បន្ទាប់ពីមាន ក្រុមឧទ្ទាម រួមនឹងក្រុម ISIS បានគំរាម បំផ្ទុះគ្រាប់បែក នៅក្នុងអគារ ដែលពោរពេញ ទៅដោយមេដឹកនាំធំៗ របស់ពិភពលោក ដែលនឹងរៀបចំ កិច្ចប្រជុំ កំពូលអាស៊ាន នៅទីនោះ ។

ព័ត៌មាន Aljazeera បានឲ្យដឹងថា កងកម្លាំងប្រមាណ ២.០០០នាក់ ត្រូវបានគេដាក់ ពង្រាយរក្សាសន្តិសុខយ៉ាង តឹងរឹង ក្នុងទីក្រុងកូឡាឡាំពួរ ព្រមទាំងចំណុច សំខាន់ៗដទៃទៀត ហើយកងកម្លាំង ប្រមាណ ២.៥០០ នាក់ផ្សេង ទៀត ត្រូវបានគេដាក់ត្រៀម ជួយអន្តរាគមន៍ ។ បើតាម Aljazeera ការពង្រាយកម្លាំងនេះ បានធ្វើឡើង បន្ទាប់ពី មានព័ត៌មាន មិនទាន់ផ្លូវការមួយថា នឹងមានការ វាយប្រហារ ដោយក្រុមភេរវករ ៕

ដកស្រងពី៖ដើមអម្ពិល