Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជាន់ខ្ពស់ចិនមួយរូប នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា ប្រេស៉ីល និងអេហ្ស៉ីប ក្នុងខែកញ្ញានេះ

  • បោះពុម្ព

 (ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃបក្សកុម្មុយនិស្តចិន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចំនួន៣ រួមមានគុយបា ប្រេស៉ីល និងអេហ្ស៉ីប នៅខែកញ្ញានេះ ក្នុងដំណើរបំពេញទស្សនកិច្ចសុឆន្ទៈ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។ លោក លី ស៉ី (Li Xi) ដែលទទួលបន្ទុកផ្នែកវិន័យនៅក្នុងគណបក្សកុម្មុយនិស្តចិន នឹងធ្វើដំណើរទៅកាន់ប្រទេសទាំង៣ខាងលើ តបតាមការអញ្ជើញពីសំណាក់ គណបក្សកុម្មុយនិស្តគុយបា គណបក្សកាន់អំណាច Workers' Party របស់ប្រេស៉ីល និងគណបក្ស Future of the National Party របស់អេហ្ស៉ីប។

មុនដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ លោក លី នឹងចូលរួមកិច្ចប្រជុំកំពូល G77 និងចិន នៅទីក្រុងឡាហាវ៉ាន់នៃប្រទេសគុយបា ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ក្នុងនាមជាអ្នកតំណាងពិសេសរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង។ G77 គឺជាប្លុកប្រទេសកំពុងអភិវឌ្ឍន៍ រួមមាន១៣៤ប្រទេស ដែលមានប្រជាជនសរុបស្មើ៨០ភាគរយ នៃប្រជាជនទាំងអស់ នៅលើពិភពលោក។

គួរបញ្ជាក់ថា លោក លី គឺជាសមាជិកថ្នាក់ក្រោមគេក្នុងចំណោមសមាជិកទាំង៧រូប នៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

មន្រ្តីជាន់ខ្ពស់ចិនវ័យ៦៦ឆ្នាំរូបនេះ ធ្លាប់កាន់តួនាទីជាលេខាធិការបក្សកុម្មុយចិន ប្រចាំនៅខេត្តក្វាងទុង (Guangdong) ដែលជាក្បាលម៉ាស៉ីនសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសចិន ហើយឥឡូវគឺជាប្រធានគណៈកម្មការមជ្ឈិមទទួលបន្ទុកត្រួតពិនិត្យផ្នែកវិន័យនៅក្នុងបក្ស បន្ទាប់ពីរូបលោកត្រូវបានដំឡើងឋានៈ ជាសមាជិកនៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយ កាលពីឆ្នាំមុន៕

ដកស្រង់ពី៖ Fresh News