Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ត្រៀមបិទស្ថានទូតរបស់ខ្លួនជាច្រើន នៅជុំវិញពិភពលោក

  • បោះពុម្ព

 បណ្ដាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញជាច្រើន បានឲ្យដឹងថា កូរ៉េខាងជើង កំពុងត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន ក្នុងនោះមានទាំងស្ថានទូតនៅអេស្ប៉ាញ ហុងកុង និងប្រទេសជាច្រើននៅអាហ្វ្រិក ដែលត្រូវបានគេមើលឃើញថា ស្មើនឹងការបិទបេសកកម្មការទូតរបស់ទីក្រុងព្យុងយ៉ាង ប្រហែល២៥ភាគរយនៅទូទាំងពិភពលោក។

ស្ថាបនិកគេហទំព័រ NK Pro ខាងតាមដានកូរ៉េខាងជើង បានរៀបរាប់ក្នុងអត្ថបទមួយចុះផ្សាយកាលពីថ្ងៃពុធថា ការបិទស្ថានទូតបែបនេះ អាចជាការរង្គោះរង្គើគោលនយោបាយការបរទេសដ៏ធំបំផុតរបស់កូរ៉េខាងជើង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបង្កការលំបាកដល់ការរក្សាទំនាក់ទំនងការទូត កិច្ចការមនុស្សធម៌ ក៏ដូចជាសមត្ថភាពក្នុងការបង្កើនប្រាក់ចំណូល។

បេសកកម្មការទូតជាង ១០ អាចនឹងត្រូវបិទ ដែល ទំនងជាដោយសារតែទណ្ឌកម្មអន្តរជាតិ និន្នាការនៃការផ្តាច់ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងនៅទូទាំងពិភពលោក និងការចុះខ្សោយផ្នែកសេដ្ឋកិច្ចកូរ៉េខាងជើង។

សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ទើបនឹងផ្សាយថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានទៅជួបសំដែងការគួរសម និងជម្រាបលាមេដឹកនាំអង់ហ្គោឡា និងអ៊ូហ្កង់ដា ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអាហ្វ្រិកទាំងពីរនេះ ក៏បានផ្សាយពីការបិទស្ថានទូតកូរ៉េខាងជើងនៅទីនោះផងដែរ។

កូរ៉េខាងជើង មានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៥៩ ប៉ុន្តែមានបេសកកម្មទូតតែ ៥៣ ប៉ុណ្ណោះនៅក្រៅប្រទេស ក្នុងនោះរួមមានទាំងស្ថានកុស៊ុលចំនួន៣ និងការិយាល័យតំណាងចំនួន ៣ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ ។