មីយ៉ាន់ម៉ា និងរុស្ស៉ី រួមគ្នាធ្វើសមយុទ្ធយោធាជាលើកដំបូង ដែលមានការចូលរួមពីនាវានិងយន្តហោះ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
ប្រមុខកងទ័ពជើងទឹករុស្ស៉ី បានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មុនការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា កាលពីថ្ងៃអង្គារ ដែលជាសមយុទ្ធយោធារួមលើកដំបូង រវាងប្រទេសទាំងពីរ។
សមយុទ្ធសន្តិសុខដែនសមុទ្រមីយ៉ាន់ម៉ា-រុស្ស៉ីលើកដំបូង ហៅកាត់ថា MARUMEX នឹងមានការចូលរួមពី នាវា និងយន្តហោះមកពីប្រទេសទាំងសងខាង ហើយវានឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅលើផ្ទៃសមុទ្រ Andaman ចម្ងាយ១៥៧គីឡូម៉ែត្រពីទីក្រុង Myeik ភាគខាងត្បូងមីយ៉ាន់ម៉ា។
មុនការចាប់ផ្តើមសមយុទ្ធយោធា ប្រមុខកងទ័ពជើងទឹករុស្ស៉ី លោកឧត្តមនាវីឯក Nikolai Yevmenov បានជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅលើនាវាចម្បាំងរុស្ស៉ី Adminral Tributs។
សូមបញ្ជាក់ថា ទីក្រុងមូស្គូ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោយបានប្រកាសផ្តល់សំឡេងគាំទ្រផ្នែកការទូត ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់សព្វាវុធ និងសម្ភារយោធារបស់មីយ៉ាន់ម៉ាផងដែរ។
ចាប់តាំងពីរដ្ឋប្រហារយោធា លោក Min Aung Hlaing ធ្លាប់បានបំពេញទស្សនកិច្ចប៉ុន្មានលើកទៅកាន់ប្រទេសរុស្ស៉ី ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន កាលពីខែកញ្ញា ឆ្នាំ២០២២ នេះបើតាមការផ្សាយរបស់ AFP ។