បណ្តាញសង្គម

កូរ៉េខាងជើង ពន្យាពេលរៀបចំ សមាជកំពូលបក្ស ដោយមិនប្រាប់ មូលហេតុ

ប៉េកាំង៖ បើតាមការ កំណត់រាល់ឆ្នាំ នោះ គឺសមាជកំពូលរបស់ គណបក្សពលករកូរ៉េ ដែល ដឹកនាំអំណាច ៦ ទសវត្សរ៍មកហើយ នៅកូរ៉េខាងជើង តែងតែប្រារព្ធ ឡើងនៅក្នុង ខែឧសភា ប៉ុន្តែកាលពី ដើមសប្តាហ៍នេះ មាន ព័ត៌មាន ពីទីក្រុងព្យុងយ៉ាងថា កិច្ចប្រជុំដ៏ សំខាន់ថ្នាក់រដ្ឋនេះ នឹងពន្យាពេល រហូតដល់ ខែតុលា ឯណោះ។

ទីភ្នាក់ងារ ព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយ នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ ២០១៥ថា ការពន្យាពេល នេះ មិនធ្លាប់កើត មាននោះទេ ក្នុងរយៈពេល ៣៦ឆ្នាំ កន្លងមកនេះ ហើយសម្រាប់ មូលហេតុវិញ ក៏មិនត្រូវ បានបញ្ចេញ ឲ្យដឹងជា សាធារណនោះដែរ។ សមាជកំពូល ត្រូវបានសារព័ត៌មាន រដ្ឋកូរ៉េខាងជើង អះអាងថា នឹងធ្វើឡើង នៅខែតុលា ឆ្នាំ២០១៦ ជំនួសវិញ។

គួរបញ្ជាក់ថា រឿងដែលកូរ៉េខាងជើង ធ្វើឡើងដោយ គ្មានមូលហេតុ នឹងគួរឲ្យ ចង់ដឹងនោះក៏ មានមួយទៀតដែរ គឺកាលពី សប្តាហ៍មុននេះ ក្រុមតន្ត្រីនារីដំបូង ដែលត្រូវបានលោក គីម ចុងអ៊ុន បញ្ជា ឲ្យមកសម្តែងនៅក្នុង ទីក្រុង ប៉េកាំង ត្រូវបានលុប ចោលទៅវិញ តែប៉ុន្មានម៉ោង ប៉ុណ្ណោះ មុនការសម្តែង ដែលបញ្ហានេះ គ្មានការប្រាប់ឲ្យដឹង ពីមូលហេតុបន្តិចសោះ។

 មានមតិមួយ ចំនួនលើកឡើងថា កូរ៉េខាងជើង ទំនងជាអាក់អន់ នឹងសម្ព័ន្ធមិត្ត របស់ខ្លួន ដែលមិនអាច ជួយអ្វីបាន នៅក្នុងក្រុមប្រឹក្សា សន្តិសុខយូអិន ដែលកាលពី សប្តាហ៍មុននេះ កិច្ចប្រជុំ បានធ្វើឡើង ដោយអាមេរិក ជាប្រធាន បានលើកយកបញ្ហា សិទ្ធិមនុស្សកូរ៉េ ខាងជើង មកពិភាក្សា ហើយថែមទាំង ចង់បញ្ជូនករណីនេះ ទៅតុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល